ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅក្នុងខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះថា៖ ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តជម្រាបជូនជនរួមជាតិជ្រាបនូវព័ត៌មានសំខាន់ៗ៖
ទី១. កម្ពុជា-ចិន គូសបញ្ជាក់ពីចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ៖
ក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាជាមួយឯកឧត្តម ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការនៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់អំពីភាពរឹងមាំដ៏យូរអង្វែង និងមិនប្រែប្រួលនៃមិត្តភាពកម្ពុជា-ចិន។ ឯកឧត្តម ស៊ី ជីនពីង បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជានិងចិនមានភាពរឹងមាំដូចជាផ្ទាំងសិលា ហើយឯកឧត្តមបានសម្ដែងការពេញចិត្ត និងរីករាយដែលបានរួមចំណែកក្នុងការកសាងទំនាក់ទំនងមិត្តភាពនេះឱ្យរឹងមាំរហូតដល់ពេលបច្ចុប្បន្ន។
ឯកឧត្តមប្រធានាធិបតីក៏បានរំលឹកអំពីដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ២០២៥ កន្លងទៅ ដែលបានជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ជាពិសេសគឺការអនុវត្តនូវការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគ្គសម័យថ្មី។ ចំណែកសម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា កម្ពុជានិងចិន គឺជាមិត្តដែកថែប ហើយបើទោះបីជាពិភពលោកមានការប្រែប្រួល និងអាកាសធាតុមានការប្រែប្រួលបែបណាក្តី ក៏មិត្តភាពរវាងកម្ពុជា-ចិន មិនប្រែប្រួលឡើយ។ សម្ដេចតេជោបន្តទៀតថា កម្ពុជាចាត់ទុកចិន គឺជាមិត្តចាស់ ជាមិត្តពិត និងជាមិត្តដ៏គួរជាទីទុកចិត្តរបស់ប្រជាជនកម្ពុជា។
ភាគីទាំងពីរក៏បានពិភាក្សាគ្នាបន្ថែមទៀត ទៅលើការពង្រីកកិច្ចសហប្រតិបត្តិការទាំងក្របខណ្ឌសេដ្ឋកិច្ច ជាពិសេសសម្ដេចតេជោបានស្នើភាគីចិនឱ្យបន្តគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ សម្ដេចប្រធានព្រឹទ្ធសភាកម្ពុជាបានសង្កត់ធ្ងន់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាសេដ្ឋកិច្ចនៃប្រទេសកម្ពុជា មិនអាចខ្វះបានឡើយនូវតួនាទីរបស់ចិន។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីក្របខណ្ឌនៃការពង្រឹងសន្តិសុខរវាងប្រទេសទាំងពីរ ការផ្លាស់ប្ដូរព័ត៌មានគ្នា និងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ។
សម្តេចតេជោ និងឯកឧត្តម ស៊ី ជីនពីង ក៏បានជជែកគ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌគណបក្ស ពោលគឺរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ដែលជាផ្នែកដ៏សំខាន់ក្នុងការរុញច្រានទំនាក់ទំនងនៃកិច្ចសន្ទនានយោបាយនៅក្នុងក្របខណ្ឌគណបក្សទាំងពីរ។ បញ្ហាអន្តរជាតិមួយចំនួនដែលបានកើតឡើងនាពេលបច្ចុប្បន្ន និងដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស តម្រូវឱ្យកម្ពុជានិងចិនពួតដៃគ្នាបន្ថែមទៀត ក្នុងការសហការគ្នានិងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ។ បញ្ហាព្រំដែនកម្ពុជា-ថៃ ក៏ជាប្រធានបទសំខាន់ដែលត្រូវបានលើកមកពិភាក្សាផងដែរ។
សម្តេចតេជោក៏បានជួបពិភាក្សាការងារជាមួយប្រធានសភាតំណាងប្រជាជនចិន និងនាយករដ្ឋមន្ត្រីចិនដើម្បីបញ្ជាក់ពីការពង្រឹងនិងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងគ្រប់កម្រិត។ សម្តេចតេជោក៏បានចូលក្រាបបង្គំគាស់ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ នៅឯព្រះរាជដំណាក់ក្នុងរដ្ឋធានីប៉េកាំង។ ដំណើរទស្សនកិច្ចជាមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិនពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងទំនាក់ទំនងកម្ពុជា-ចិន។
ទី២៖ ថ្លែងក្នុងឱកាសសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងរាជធានីភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នៃផលិតផលក្នុងស្រុក។ ជាក់ស្តែង ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦នេះ ផលិតផលក្នុងស្រុកកើនឡើងរហូតដល់ជាង ២៣០០មុខ។ ការកើនឡើងនេះ គឺដោយសារមានការគាំទ្រពីប្រជាពលរដ្ឋខ្មែរ និងក៏ដោយសារតែផលិតផលក្នុងស្រុកទាំងនោះមានគុណភាព និងតម្លៃសមរម្យដែលអាចទាក់ទាញទំនុកចិត្តរបស់អ្នកប្រើប្រាស់។
ទោះយ៉ាងណា សម្តេចធិបតី នាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ដើម្បីឱ្យផលិតផលក្នុងស្រុកទទួលបានកំណើនប្រកបដោយចីរភាព អ្នកផលិតគួរគប្បីខិតខំប្រឹងប្រែងក្នុងស្មារតីចង់ឱ្យផលិតផលក្នុងស្រុករីកចម្រើន តាមរយៈការគិតគូរដល់គុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងតម្លៃដែលមានលក្ខណៈប្រកួតប្រជែងដើម្បីទាក់ទាញទំនុកចិត្តរបស់អតិថិជន។ ចំណែកអ្នកប្រើប្រាស់គួរគប្បីគាំទ្រផលិតផលក្នុងស្រុកទោះជាគ្មានរឿងអ្វីកើតឡើងក៏ដោយ ពីព្រោះ ប្រសិនបើការគាំទ្រផលិតផលក្នុងស្រុកកើតឡើងតែក្នុងកាលៈទេសៈពិសេសណាមួយ ដោយសារតែគ្មានជម្រើស ឬដោយសារតែការខឹងសម្បារណាមួយនោះ កំណើនផលិតផលក្នុងស្រុកនឹងគ្មាននិរន្តរភាពឡើយ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលគាំទ្រ លើកទឹកចិត្ត និងជួយសម្រួលដល់សហគ្រិនក្នុងស្រុកទាំងអស់ ជាពិសេសផលិតផលអាទិភាពដែលមានតម្រូវការខ្ពស់ ដូចជាទឹកដោះគោ មី ស្ករសរ ជាដើម ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។ សម្តេចធិបតីបានដាស់ស្មារតីកូនខ្មែរថា៖ «បើយើងមិនខិតខំខ្លួនឯង បើយើងមិនខ្លាំងខ្លួនឯង គ្មានអ្នកណាជួយយើងក្រៅពីយើងជួយខ្លួនឯងឡើយ»។ ក្នុងន័យនេះ សម្តេចបានអបអរសាទរចំពោះកំណើនផលិតផលក្នុងស្រុករយៈពេលចុងក្រោយនេះដែលសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរចេះប្រឈមនឹងបញ្ហានិងចេះពង្រឹងខ្លួននៅក្នុងបញ្ហា ជំនួសឱ្យការបាក់ទឹកចិត្តនៅពេលជួបប្រទះនឹងបញ្ហា។
សម្តេចធិបតី នាយករដ្ឋមន្ត្រីក៏បានលើកឡើងពីការដោះស្រាយបញ្ហាជាច្រើនទៀតដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរប្រឈមមុខដោះស្រាយ និងជម្នះបាននៅក្នុងគ្រាដ៏លំបាក។ បញ្ហាទាំងនោះមានដូចជា ជនភៀសសឹក ពលករដែលវិលត្រឡប់ពីប្រទេសថៃ ស្កេមអនឡាញ ការឡើងថ្លៃប្រេងឥន្ធនៈដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាជាដើម ដែលបង្ហាញពីសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការទប់ទល់នឹងបញ្ហាប្រឈមធំៗដែលកើតឡើងចំពោះមុខ។ សម្តេចធិបតីក៏បានលើកឡើងពីកំណែទម្រង់ជាច្រើនដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើដើម្បីបម្រើប្រជាពលរដ្ឋ៕ ដោយ៖តារា










