ភ្នំពេញ ៖ ភាពរឹងមាំ និងភាពរុងរឿងនៃទំនាក់ទំនងការទូតកម្ពុជា និងចិន ស្តែងឱ្យឃើញយ៉ាងប្រាកដ តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន។ នេះបើតាម លោក បណ្ឌិត កៅ មុយថង អ្នកជំនាញសិក្សាស្រាវជ្រាវទំនាក់ទំនងកម្ពុជា-ចិន។
ការលើកឡើងនេះ ស្របពេលដែលសម្តេចតេជោ ទើបបានបញ្ចប់ទស្សនកិច្ចមិត្តភាពផ្លូវការ រយៈពេល ៣ថ្ងៃនៅចិន ដោយបានជួបថ្នាក់ដឹកនាំកំពូលៗរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។
បណ្ឌិត កៅ មុយថង បានប្រាប់ នៅថ្ងៃទី២៧ ខែមិថុនានេះថា «ភាពរឹងមាំ និងភាពរុងរឿងនៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ ប្រជាមានិតចិននាពេលបច្ចុប្បន្ន មិនមែនជាការលើកឡើងដោយបំផ្លើស ឬជាការសរសើរដោយគ្មាន មូលដ្ឋានច្បាស់លាស់នោះឡើយ។ ផ្ទុយទៅវិញ វាគឺជាការស្តែងឱ្យឃើញយ៉ាងប្រាកដពីតថភាពពិតនៃ កម្រិតទំនាក់ទំនងការទូតខ្ពស់បំផុត ដែលរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរបានរួមសហការ គ្នាកសាងយ៉ាងម៉ត់ចត់ និងស៊ីជម្រៅជាប្រវត្តិសាស្ត្រ។ សក្ខីកម្មដ៏រស់រវើកនិងថ្មីៗបំផុតនៃតថភាពនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ តាមរយៈលទ្ធផល ផ្លែផ្កាដ៏សំខាន់ នៃដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា ទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។ នៅក្នុងជំនួបកំពូលនេះ ប្រធានរដ្ឋចិន លោក Xi Jinping បានប្រកាសជាចំហពីឆន្ទៈដ៏មោះមុតរបស់ប្រទេសចិន ក្នុងការ បង្កើត «ភាពជាដៃគូសន្តិសុខ» ដ៏រឹងមាំជាមួយកម្ពុជា ដែលនេះជាការបោះជំហានទៅមុខមួយកម្រិត ទៀត ក្នុងការបង្កើនទំនុកចិត្តជាយុទ្ធសាស្ត្ររវាងប្រជាជាតិទាំងពីរ»។
បញ្ញវន្ត រូបនេះ បន្តថា «ជារួម ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ទីក្រុងប៉េកាំង នាពេលនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ការទូតទូទៅនោះឡើយ ប៉ុន្តែវាបានគូសបញ្ជាក់យ៉ាងច្បាស់នូវ របត់ថ្មីមួយនៃការធ្វើបរិវត្តកម្មយុទ្ធសាស្ត្រ (Strategic Transformation) ប្រកបដោយថាមពលនៃ ទំនាក់ទំនងកម្ពុជា-ចិន បានឈានហួសពីក្របខ័ណ្ឌប្រពៃណីនៃការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទៅជា «កិច្ចសហប្រតិបត្តិការសន្តិសុខដ៏ទូលំទូលាយ និងស៊ីជម្រៅ»។
លោកបណ្ឌិតបញ្ជាក់បន្ថែមថា «វឌ្ឍនភាពនៃការបង្កើត «ភាពជាដៃគូសន្តិសុខ» នេះ គឺជាសារនយោបាយបញ្ជាក់ទៅកាន់ពិភព លោកថា «មហាមិត្តភាពដែកថែប» កម្ពុជា-ចិន មិនមែនជាពាក្យស្លោកនយោបាយឡើយ ប៉ុន្តែជា តថភាពរស់រវើកដែលអាចបត់បែន ឆ្លើយតប និងការពារផលប្រយោជន៍គ្នាទៅវិញទៅមកបានគ្រប់ កាលៈទេសៈ។ ក្នុងន័យនេះ ផ្លែផ្កានៃដំណើរទស្សនកិច្ច សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា នាពេលនេះ នឹងក្លាយជាត្រីវិស័យ និងជាគំរូឈានមុខមួយសម្រាប់កិច្ចសហប្រតិបត្តិការ សន្តិសុខមិនមែនប្រពៃណីនៅក្នុងតំបន់ ដែលសបញ្ជាក់ឱ្យឃើញថា ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ និង ស្មោះត្រង់ គឺជាខែលការពារដ៏មានប្រសិទ្ធភាពបំផុត ប្រឆាំងនឹងការគំរាមកំហែងសកលក្នុងសតវត្សរ៍ ទី២១ នេះ៕
ដោយ ៖ បណ្ឌិត កៅ មុយថង










