ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លា និងកម្លាំងអន្តរាគមន៍ក្រុងធ្វើការឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងកាលពីយប់ថ្ងៃទី២១ ខែកញ្ញា នៅចំណុចផ្ទះមិត្តភក្តិជនរងគ្រោះស្ថិននៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា។
ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចស្តុបកែងហាងភីហ្សា ខមភីនី ផ្លូវកម្ពុជាក្រោយ ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ហើយក៏បញ្ជូនមកប៉ុស្តិ៍ទឹកថ្លាវិញ។
ជនសង្ស័យខាងលើមានឈ្មោះ ស៊ុម ផាត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំរ៉ារថភ្លើង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។ ចំណែកជនរងគ្រោះម្ចាស់ម៉ូតូមានឈ្មោះ ឃឿង ចំរ៉ុង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនិសិត្ស ស្នាក់នៅបុរីពិភពថ្មី ផ្សាឈូកមាស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅនោះម៉ាក MSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FF-1657 ។
តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២១ ខែកញ្ញា រូបគេបានទៅស្នាក់នៅផ្ទះមិត្តភក្តិនៅភូមិទឹកថ្លា ហើយម៉ូតូចាក់សោ.កត្រឹមត្រូវនៅមុខបន្ទប់ជួលដោយក្នុងនោះក៏មានម៉ូតូជាច្រើនគ្រឿងដែលអ្នកជួលផ្ទះដាក់នៅទីនោះដែ លុះដល់វេលាម៉ោង៤ទៀបភ្លឺជនរងគ្រោះបានឡើងមកមើលស្រាប់តែបាត់ម៉ូតូ ទើបមានការភ្ញាក់ផ្អើលឡើង ដើររកតែរកមិនឃើញសង្ស័យលោកចោរដោះអាគុយចេញ ប៉ុន្តែម៉ូតូនេះមានបំពាក់ប្រព័ន្ធ GPS ។
ជនរងគ្រោះបានបន្តទៀតថា លុះព្រឹកឡើងរូបគេបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លា ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគម៍រហូតដល់ម៉ោងជិត៩យប់ស្រាប់តែប្រព័ន្ធ GPS បានលោតឡើងក្នុងទូរស័ព្ទរដៃរបស់ជនរងគ្រោះទើបរូបគេបានទូរស័ព្ទមកកម្លាំងសមត្ថកិច្ចភ្លាមៗ។
ក្រោយមកកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លា សហការជាមួយកម្លាំងអន្តរាគមន៍ក្រុង តាមរកជាមួយជនរងគ្រោះដោយមើលតាមប្រព័ន្ធ GPS រហូតមកដល់ចំណុចខាងលើ ទើបឃាត់ខ្លួនជនសង្ស័យបានម្នាក់រួមនិងម៉ូតូតែម្តង។
បើតាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ពួកគេមានគ្នា២នាក់ ម្នាក់ទៀតកំពុងរត់គេខ្លួន ហើយខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូនេះមែន។ ហើយនៅលើខ្លួនជនសង្ស័យសមត្ថកិច្ចរកឃើញឧបករណ៍សម្រាប់កាច់សោ.កម៉ូតូមួយកំផ្លេ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការនគរបាលខណ្ឌសែនសុខ ចាត់ការតាមនីតិវិធី៕
...
ដោយ៖ តុង សីហា