ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ដែលបានបាត់ខ្លួននៅលើភ្នំគិរីរម្យ ដោយបន្សល់ទុក ម៉ូតូមួយគ្រឿង និងសំបុត្រមួយសន្លឹកថា មានខ្លឹមសារថា «បើអ្នកបានឃើញសំបុត្រនេះ មានន័យថាខ្ញុំបានស្លាប់ហើយ» ពេលនេះត្រូវសមត្ថកិច្ចរកឃើញហើយរងរបួសធ្ងន់ សមត្ថកិច្ចកំពុងសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ យុវជនម្នាក់បានផ្លុងម៉ូតូចោល ស្ថិតនៅចំណុចផ្លូវលំបំបែកជាបី ទៅក្រុមហ៊ុនវីរៈប៊ុនថាំ រមណីយដ្ឋានទេសចរណ៍ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លើរំបន់ឧទ្យានជាតិគីរីរម្យ ដោយបន្សល់សំបុត្រមួយសន្លឹក និងសរសេរថា «បើអ្នកបានឃើញសំបុត្រនេះមានន័យថា ខ្ញុំបានស្លាប់ហើយ សូមបងជួយយកម៉ូតូនេះឲ្យបងប្អូនខ្ញុំផង។ សោខ្ញុំទុក និងម៉ូតូហើយ ខ្ញុំសូមអរគុណបង សូមជួយតេរកបងប្អូនខ្ញុំផង បងរុំ 0886552007 ប្អូនរឹត 081836536 សុំទោសដែលធ្វើឲ្យបងពិបាក មានវីដេអូក្នុងទូរស័ព្ទដែលជាការសម្រេចចិត្តចុងក្រោយបែបនេះ ម៉ូតូហ្នឹងមាន GPS គេអាចរកឃើញ ពីខ្ញុំ សុខហេង រួមមានសម្ភារៈខោអាវមួយចំនួនទៀត»។
នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំបក់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា បានប្រទះឃើញមនុស្សម្នាក់នៅចំណុចអូរធំ (ស្ទឹងចម្លងទាវ) មានរងរបួសបែកមុខមាត់ របួសភ្នែកខាងឆ្វេង និងមានរងរបួសកន្លែងផ្សេងទៀតផង។
នគរបាលស្រុកភ្នំស្រួចបានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋរួចមក កម្លាំងប៉ុស្តិ៍នគរបាលឃុំចំបក់បានចុះទៅដល់ទីតាំងដែលពលរដ្ឋប្រទះឃើញនោះ ហើយក៏បានជួបឈ្មោះ គន់ សុខហេង ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើត នៅក្នុងភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ដែលបានបាត់ខ្លួនតាំងពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅពិតប្រាកដមែន។
បើយោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា ជនរងគ្រោះសង្ស័យលោតសម្លាប់ខ្លួន ប៉ុន្តែមិនស្លាប់។ បច្ចុប្បន្ននេះយុវជនជនរងគ្រោះត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះ ព្យាបាលនៅមន្ទីរពេទ្យហើយ៕










