ទីក្រុងសេអ៊ូល៖ តបតាមការអញ្ជើញរបស់ លោក Park Jeong-bo ស្នងការនៃទីភ្នាក់ងារនគរបាលទីក្រុងសេអ៊ូល និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូស្នងការរាជធានីភ្នំពេញអញ្ជើញចូលរួមវេទិកាសន្និសីទក្រុមប្រឹក្សានគរបាលរដ្ឋ/រាជធានីអន្តរជាតិ (ICPC) នៅរដ្ឋធានីសេអ៊ូល រយៈពេល០២ថ្ងៃ ដោយជោគជ័យ ហើយទទួលបានលទ្ធផលដូចខាងក្រោម៖
១. អំពីសមាសភាពចូលរួម មានចំនួន៖ ០៧ ប្រទេស* (កម្ពុជា កូរ៉េខាងត្បូង ចិន ហ្វីលីពីន អ៊ូបេគីស្ថាន វៀតណាម ហូឡង់) និងអង្គការដៃគូអន្តរជាតិមួយចំនួន។
២. អំពីគោលបំណង៖ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការអនុវត្តន៍ច្បាប់រវាងរដ្ឋ/រាជធានីជាសមាជិកក្រុមប្រឹក្សា (ICPC) ដើម្បីឆ្លើយតបចំពោះឧក្រិដ្ឋកម្មឆ្លងដែន និងការធានាសុវត្ថិភាពពលរដ្ឋនៅបរទេស។
៣. អំពីលទ្ធផលទទួលបានផ្លែផ្កា៖
-រដ្ឋធានីសេអ៊ូលនឹងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយនគរបាលរាជធានីភ្នំពេញ តាមរយៈ ការផ្តល់ជំនួយឧបករណ៍សម្ភារបច្ចេកទេសជំនាញ និងផ្តល់វគ្គបណ្តុះបណ្តាលប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា នាពេលខាងមុខ។
-រដ្ឋធានីសេអ៊ូលនឹងបន្តយកចិត្តទុកដាក់គាំទ្រនគរបាលរាជធានីភ្នំពេញលើកិច្ចសហប្រតិបត្តិការផ្សេងៗទៀតលើវិស័យសន្តិសុខសាធារណៈ។
-នគរបាលរាជធានីភ្នំពេញ ទទួលបានការគាំទ្រពីបណ្តាប្រទេសជាសមាជិក និងមោទនភាព និងភាពជោគជ័យ នៅក្នុងវេទិកាសន្និសីទ ICPC ។
៤. សំណូមពរ៖
ដោយវេទិកាសន្និសីទ ICPC ជាការរៀបចំលើកទី១ នៅរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង លោល Park Jeong-bo ស្នងការនគរបាលទីក្រុងសេអ៊ូល ស្នើសុំនគរបាលភ្នំពេញ រៀបចំសន្និសីទនេះជាលើកទី២ នៅប្រទេសកម្ពុជាផងដែរ៕ដោយ៖តារា










