ប្រធានាធិបតីអាលអាសាដ ចោទប្រកាន់អាមេរិក មានចេតនាវាយប្រហារទៅលើទាហានរបស់លោក

ចែករំលែក៖

ប្រធានាធិបតីស៊ីរីលោក បាសា អាលអាសាដ បានបញ្ជាក់ថា អាមេរិកវាយប្រហារតាមដែនអាកាសរយៈពេលជាង១ម៉ោងទៅលើកម្លាំងទាហានរដ្ឋាភិបាលស៊ីរី សម្លាប់ទាហាន ៦២នាក់។

សារព័ត៌មាន AP បានដកស្រងសម្តីលោកអាលអាសាដ ប្រកាសថា «នេះមិនម៉ែនជារឿងច្រឡំនោះឡើយគឺជាចេតនាក្នុងការវាយប្រហារដោយយន្តហោះអាមេរិក ៤គ្រឿងទៅលើទីតាំងរបស់ទាហានស៊ីរីរយៈពេលជាងមួយម៉ោង»។ លោកអាសាដ បន្តទៀតថា យន្តហោះអាមេរិកវាយប្រហារទៅលើទីតាំងជាច្រើន ក្នុងនោះមានទាំងជុំរុំយោធាទាហានរដ្ឋាភិបាលស៊ីរីផងដែរ។

ទាហានអាមេរិកបានវាយប្រហារជិតតំបន់ Ezzor សម្លាប់ទាហានស៊ីរី ២២នាក់ និងជាង ១០០នាក់រងរបួស ។ មន្ទីរបញ្ចកោណអាមេរិកបានបញ្ជាក់ថា ការវាយប្រហារខាងលើគឺជាការយល់ច្រឡំដោយអាមេរិក វាយប្រហារទៅលើក្រុមភេរវកម្មIS តែប៉ុណ្ណោះ។

លើសពីនេះទៅទៀត លោកអាលអាសាដ បានដាក់សំនួរសួរថា ហេតុអ្វីបានជាក្រុមIS បើកការវាយប្រហារទៅលើទាហានស៊ីរី ក្រោយការវាយប្រហារច្រឡំរបស់អាមេរិក ។ សកម្មភាបទាំងនោះគឺជាចេតនាយ៉ាងពិតប្រាកដមិនមែនអចេតនានោះឡើយ។

សង្គ្រាមវាយប្រហារគ្នានៅលើសមរភូមិបានចាប់ផ្តើមជាថ្មីនាយប់ថ្ងៃចន្ទទី១៩ ខែកញ្ញា ប៉ុន្មានម៉ោងក្រោយពីកងទ័ពស៊ីរីបានប្រកាសបិទបញ្ចប់កិច្ចព្រមព្រៀងឈប់បាញ់ភ្លាម ប្រតិបត្តិការទម្លាក់គ្រាប់បែកក៏បានចាប់ផ្តើមយ៉ាងគំហុកដោយបានបណ្តាលឲ្យមានស្លាប់ជនស៊ីវិលចំនួន ៣៦នាក់ ក្នុងនោះមានបុគ្គលិកមនុស្សធម៌ចំនួន ១២នាក់ និងអ្នកបើកបរឡានកាមីញ៉ុងម្នាក់។ ប្រតិបត្តិការសឹកនេះបានកើតមានឡើងចំពេលដែលសហគមន៍អន្តរជាតិកំពុងព្យាយាមស្រោចស្រង់កិច្ចព្រមព្រៀងនាឱកាសបើកមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូយ៉ក នៅថ្ងៃអង្គារទី២០ ខែកញ្ញា នេះ។

ក្រៅពីមានមនុស្សស្លាប់ និងរបួស ការវាយប្រហារផ្លូវអាកាសក៏បានកម្ទេច និងធ្វើឲ្យខូចខាតឡានកាមីញ៉ុងដឹកជំនួយមនុស្សធម៌ប្រមាណជា ១៨គ្រឿង ព្រមទាំងឥវ៉ាន់ដែលមាននៅក្នុងឡានកាមីញ៉ុងទាំងនោះ។ អង្គការអ្នកសង្កេតការណ៍សិទ្ធិមនុស្សស៊ីរីបានបញ្ជាក់ពីដំណឹងវាយប្រហារនេះ តែមិនទាន់ហ៊ានអះអាងថា តើយន្តហោះដែលបានទម្លាក់គ្រាប់បែកនោះជាយន្តហោះរបស់ទ័ពអាកាសរុស្ស៊ី ឬមួយជាយន្តហោះរបស់ទ័ពអាកាសស៊ីរី។ ទន្ទឹមគ្នានឹងប្រតិបត្តិការផ្លូវអាកាស ក៏មានការបាញ់ផ្លោងគ្រាប់កំាភ្លើងត្បាល់ដាក់គ្នារវាងទ័ពរដ្ឋាភិបាលស៊ីរី ដែលគ្រប់គ្រងតំបន់ប៉ែកខាងលិច និងកម្លំាងបះបោរដែលគ្រប់គ្រងតំបន់ប៉ែកខាងកើតទីក្រុងអាឡិប។

នៅក្នុងទីក្រុងញូយ៉ក ដែលអង្គការសហប្រជាជាតិ កំពុងបើកមហាសន្និបាតប្រចាំឆ្នាំ វិបត្តិស៊ីរីក៏បានក្លាយជាប្រធានរឿងមួយយ៉ាងសំខាន់ដែរ។ តែនៅចំពោះព្រឹត្តិការណ៍ដែលកំពុងមានលើសមរភូមិស៊ីរីពេលនេះ អាមេរិក និងរុស្ស៊ីដែលជាតួអង្គនៃកិច្ចព្រមព្រៀងឈប់បាញ់បានឆ្លៀតទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក។ ដោយមិនចង្អុលចំមុខរុស្ស៊ី អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក John Kirby បានថ្លែងថា អាមេរិកទើសទាល់ចិត្តខ្លាំងណាស់ចំពោះឥរិយាបទរបស់រុស្ស៊ី និងថា អ្វីដែលកំពុងកើតមាននៅស៊ីរីពេលនេះបានធ្វើឲ្យប៉ះពាល់ខ្លាំងណាស់លើការខិតខំប្រឹងប្រែងរបស់យើងក្នុងការនាំសន្តិភាពឲ្យស៊ីរី៕

1 1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print