ភ្នំពេញ៖ ថ្លែងតាមរយៈសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងទិវារំឭកខួបលើកទី ៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា សភាពការណ៍ឆ្នាំ២០២៥-២០២៦ បញ្ជាក់ឱ្យយើងយល់ច្បាស់ថា មានតែការរួបរួមគ្នាខិតខំធ្វើឱ្យកម្ពុជាមានកម្លាំងខ្លាំងប៉ុណ្ណោះទើបអាចការពារទឹកដី សន្តិភាព និងអត្តសញ្ញាណជាតិបាន។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការពិតជាក់ស្តែងរយៈពេលជាង ៤៧ឆ្នាំមកនេះ បានបង្ហាញថា មិនថាស្ថិតក្នុងកាលៈទេសៈ និងស្ថាន ភាពណាឡើយ គណបក្សប្រជាជនកម្ពុជាតែងតែឈរយ៉ាងរឹងមាំលើជំហររបស់ខ្លួន និងរក្សាខ្ជាប់នូវភាពត្រឹមត្រូវខាងនយោបាយ។ ជាមួយគ្នានេះ ការផ្សារភ្ជាប់រវាងគណបក្សជាមួយប្រជាជនបានចាក់គ្រឹះនៅក្នុងដំណើរជាតិគ្មានអ្វីអាចមកបំផ្លាញបានឡើយហើយដែលជាកត្តាសារវន្តនៃរាល់ជ័យជម្នះរបស់ជាតិ។
សម្ដេចតេជោ បានសង្គត់ធ្ងន់ថា៖«ប្រាកដណាស់ថាលើមាគ៌ាឆ្ពោះទៅមុខ យើងនៅតែត្រូវប្រឈមជាមួយការលំបាក និងឧបសគ្គធំៗជាច្រើនទៀត ដែលបណ្តាលមកពីកត្តាខាងក្នុងផង និងពីកត្តាខាងក្រៅផង ជាពិសេសពីកត្តាខាងក្រៅដែលយើងមិនអាចប៉ាន់ស្មានបាន។ ម្យ៉ាងទៀតមេរៀនដែលយើងទទួលបានពីសភាពការណ៍ឆ្នាំ ២០២៥ និងដើមឆ្នាំ២០២៦នេះ បានបញ្ជាក់ឱ្យយើងយល់ច្បាស់ថា មានតែការរួបរួមគ្នាខិតខំធ្វើឱ្យកម្ពុជាមានកម្លាំងខ្លាំងទាំងខាងសេដ្ឋកិច្ចទាំងខាងយោធា និងនយោបាយប៉ុណ្ណោះទើបយើងអាចការពារអធិបតេយ្យបូរណភាពទឹកដី សន្តិភាព និងអត្តសញ្ញាណរបស់ជាតិបាន»។
បន្ថែមពីនេះ សម្ដេចតេជោ បានបញ្ជាក់ថា៖ «គ្មានអ្នកណាផ្តល់សន្តិភាពមកឱ្យយើងទេ សន្តិភាពកើតឡើងពីការប្រឹងប្រែងរបស់យើង និងត្រូវតែការពារឱ្យបានជាដាច់ខាតដោយកម្លាំងរបស់យើង»៕ដោយ៖តារា










