ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍តាមរយៈសាររបស់សម្តេច ក្នុងទិវារំឭកខួបលើកទី ៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដោយបញ្ជាក់ថា រយៈពេល៦ខែឆ្នាំនេះ ទោះបីកម្ពុជាត្រូវរងឥទ្ធិពលអវិជ្ជមាន ក៏កម្ពុជានៅតែបន្តឈានទៅមុខលើមាគ៌ាអភិវឌ្ឍន៍។
សម្ដេចប្រធានបក្ស បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦នេះ ទោះបីត្រូវទទួលរងឥទ្ធិពលអវិជ្ជមានពីការវិវត្តយ៉ាងស្មុគ ស្មាញនៃសភាពការណ៍អន្តរជាតិ និងឥទ្ធិពលពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាក្តី ក៏ប្រទេសជាតិយើងនៅតែបន្តឈានទៅមុខនៅលើមាគ៌ាអភិវឌ្ឍន៍។
សម្ដេចតេជោ បានបញ្ជាក់ថា ជាក់ស្តែងយើងរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ព្រមទាំងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងលំនឹងនៃជីវភាពរបស់ប្រជាជន។ សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ ត្រូវបានប៉ាន់ប្រមាណថានឹងសម្រេចបានកំណើន ៤,២%, សន្តិសុខស្បៀងមានភាពរឹងមាំ, ពាណិជ្ជកម្មអន្តរជាតិ ជាពិសេសការនាំចេញមានកំណើន គួរឱ្យកត់សម្គាល់ ឯចំណូលសារពើពន្ធក៏មានកំណើនផងដែរ។
ជាមួយគ្នានេះ សម្ដេចតេជោ បានបសង្គត់ធ្ងន់ថា៖«យើងបានប្រឹងប្រែងប្រែក្លាយការលំបាកឱ្យទៅជាឱកាសក្នុងការពង្រឹងពង្រីកខ្លួន ដោយការខិតខំពង្រីកផលិតកម្មក្នុងស្រុក លើកស្ទួយការប្រើប្រាស់ ផលិតផលជាតិ និងការខិតខំប្រមូលចំណូលពន្ធជាដើម។ តាមរយៈនេះបានឆ្លុះបញ្ចាំងអំពីភាពធន់របស់កម្ពុជា ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍបន្ត និងការឆ្លើយតបទៅនឹងការប្រែប្រួលថ្មីៗខាងមុខទៀត»៕ដោយ៖តារា










