សម្ដេចតេជោ៖ ប្រជាជនបានឃើញច្បាស់អំពីសារជាតិរបស់គណបក្សប្រជាជនកម្ពុជា ដែលជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន

ចែករំលែក៖

ភ្នំពេញ៖ ថ្លែង​តាមរយៈសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងទិវារំឭកខួបលើកទី ៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា​ សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា ប្រជាជនកម្ពុជា បានឃើញច្បាស់អំពីសារជាតិរបស់គណបក្សប្រជាជនកម្ពុជាដែលជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន ជាគណបក្សមានថាមពល និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅរកអនាគតដ៏រុងរឿង។ អាស្រ័យហេតុនេះហើយបានជាកន្លងមក គណបក្សប្រជា ជនកម្ពុជាទទួលបានជ័យជម្នះនៅគ្រប់ការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ទាំងការបោះ ឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

សម្ដេចតេជោ បានរម្លឹកថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៦នេះ ជាថ្ងៃគម្រប់ខួប ៧៥ឆ្នាំ នៃការបង្កើត គណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តខ្មែរ និងមានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជាប្រឆាំង អាណានិគមនិយមដើម្បីឯករាជ្យជាតិ។

សម្ដេចបានថ្លែងថា ចាប់ពីពេលបដិសន្ធិ គណបក្សបានប្រកាន់ខ្ជាប់គោលបំណង និង ឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរាដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ ក្នុងកាលៈទេសៈប្រទេសជាតិត្រូវធ្លាក់ក្នុងគ្រោះប្រល័យពូជសាសន៍ ដែលរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត បានបង្កឡើង គណបក្សបានដឹកនាំប្រជាជនក្រោកឈរតស៊ូប្រយុទ្ធផ្ដួល រំលំរបបដ៏យង់ឃ្នងនេះ រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅ ថ្ងៃ៧មករា ឆ្នាំ ១៩៧៩ ដែលបាន សង្គ្រោះជាតិឱ្យរស់ឡើងវិញទាន់ពេលវេលា។

សម្ដេចតេជោបានបន្តថា បន្ទាប់ពីជ័យជម្នះលើរបបប្រល័យពូជសាសន៍ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសឆ្លងកាត់ ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ សម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រក្នុងបុព្វហេតុការពារជាតិ កសាងសន្តិភាព ស្តារ និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ធ្វើឱ្យប្រជាជនចេញផុតពីស្រមោលខ្មៅនៃអតីតកាល បានរស់នៅយ៉ាងសុខដុមរមនា ហើយកំពុងឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និង អភិវឌ្ឍន៍។ សម្ដេចតេជោ បានបញ្ជាក់ថា៖«លើមូលដ្ឋាននេះ ប្រជាជនបានឃើញច្បាស់អំពីសារជាតិរបស់គណបក្សប្រជាជនកម្ពុជាដែលជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន ជាគណបក្សមានថាមពល និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅរកអនាគតដ៏រុងរឿង។ អាស្រ័យហេតុនេះហើយបានជាកន្លងមក គណបក្សប្រជា ជនកម្ពុជាទទួលបានជ័យជម្នះនៅគ្រប់ការបោះឆ្នោត តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ទាំងការបោះ ឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ»។

ក្នុងនាមគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ បានសម្តែងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនជនរួមជាតិនៅគ្រប់ទិសទីទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ដែលបានផ្តល់យុត្តិធម៌ និងការគាំទ្រឥតងាករេចំពោះគណបក្សនៅគ្រប់ដំណាក់កាល៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print