បុរសអ្នក​រត់​ម៉ូតូ​កង់​បី​ដែល​ត្រូវ​ម្ចាស់​ហាង​ថែ​សម្ផស្ស «អិន១៦៨ ប៊ី​យូ​ធី» ធាក់​ដាច់​ផ្ងារ​ទៅ​ក្រោយ បាន​ស្លាប់​ហើយ

ចែករំលែក៖

ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី ដែល​ត្រូវ​បាន​ម្ចាស់​ហាង​មជ្ឈមណ្ឌល​ថែ​សម្ផស្ស «អិន ១៦៨ ប៊ី​យូ​ធី និង​ស្បា» ប្រើ​ហិង្សា​ដោយ​ធាក់​ដាច់​ផ្ងារ​ទៅ​ក្រោយ ​បោក​ក្បាល​រង​របួសធ្ងន់ បន្ទាប់​ពី​មាន​ទំនាស់​គ្នា​រឿង​ចត​ម៉ូតូ​កង់​បី​នៅ​មុខ​ហាង ពេល​នេះ​ជនរងគ្រោះបាន​ស្លាប់​បាត់បង់​ជីវិត​ហើយ​ ។

អ្នក​រត់​ម៉ូតូ​កង់​បី​ ដែល​បាន​ស្លាប់​ក្នុង​ការ​ប្រើ​ហិង្សា​នេះ មានឈ្មោះ ឈៀង សុ​វ​ណ្ណា ភេទ​ប្រុស អាយុ ៤៦ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី មាន​ទីលំនៅ​ផ្ទះ​ជួល​លេខ៧ ផ្លូវ​លេខ៣០៤ សង្កាត់​បឹង​កេងកង​ទី២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​ ។

ចំណែក​ជនសង្ស័យ​មានឈ្មោះ តាន់ ប៊ុ​ន​ថា ភេទ​ប្រុស អាយុ ៣៤ឆ្នាំ មុខរបរ​ជា​ម្ចាស់​ហាង​មជ្ឈមណ្ឌល​ថែ​សម្ផស្ស អិន ១៦៨ ប៊ី​យូ​ធី និង​ស្បា មាន​ទីលំនៅ​ផ្ទះ​ជួល​លេខ ៧៥E០ ផ្លូវ​លេខ៣១០ ក្រុម​ទី១៧ ភូមិ​ទី២ សង្កាត់​បឹង​កេងកង​ទី២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​ ។

តាម​ការ​បញ្ជាក់​ពី​នគរបាល​ជំនាញ​ បានឱ្យ​ដឹង​ថា អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​មរណភាព​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង២០ និង ៥៦នាទី​យប់ ថ្ងៃ​ទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅ​ចំណុច​មុខ​ផ្ទះ​លេខ៧៥E០ ផ្លូវ​លេខ៣១០ ក្រុម​ទី១៧ ភូមិ​ទី២ សង្កាត់​បឹង​កេងកង​ទី២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ហើយ​ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​វេលា​ម៉ោង១៨ និង២០នាទីថ្ងៃ​ទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅផ្ទះ​លេខ ១៥ ផ្លូវ​លេខ១៥៩ ភូមិ​ទី៥ សង្កាត់​អូរ​ឡាំ​ពិ​ក បន្ទាប់​ពី​ចេញពី​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ​។

ក្នុង​នោះ​ដែរ បន្ទាប់​ពី​គ្រូពេទ្យ​កោសល្យវិច័យ​ត្រួតពិនិត្យ​រួចរាល់ បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ការ​ប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ​។

គួរ​រំលឹក​ផង​ដែរ​ថា ជន​រង​គ្រោះ និង​ជនសង្ស័យ​បាន​ឈ្លោះប្រកែក​គ្នា ដោយសារ​តែ​រឿង​អ្នក​រត់​ម៉ូតូ​កង់​បី ​បាន​ចត​នៅ​មុខ​ផ្ទះ​ជនសង្ស័យ ធ្វើ​ឱ្យ​រថយន្ត​ចូល​មិន​រួច​។ បន្ទាប់​ពី​មាន​ទំនាស់​ពាក្យ​សម្តី ជនសង្ស័យ​បាន​លោត​ធាក់​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​ដាច់​ផ្ងារ​ទៅ​ក្រោយ​រង​របួសធ្ងន់ រួច​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​។ ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​មិន​អាច​សង្គ្រោះ​បានឡើយ​។ 

លុះដល់​ថ្ងៃ​ទី២៧ ខែមិថុនា ឆ្នាំ២០២៦ វេលា​ម៉ោង១៨ និង០០នាទី ម្តាយ​ជន​រង​គ្រោះ​បាន​សុំ​គ្រូពេទ្យ​ នាំ​ជន​រង​គ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ក៏​បាន​ដាច់ខ្យល់​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print