ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗក្រោយពេលជិះម៉ូតូចេញពីធ្វើការ ជ្រុលទៅបុកផ្ទប់រទេះអេតចាយពីក្រោយពេញទំហឹងបណ្តាលឲ្យជុងដែកចំដើមទ្រូងពេញទំហឹង កាលពីវេលាម៉ោង១២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៦ ចំណុចផ្លូវបេតុងក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KJ-4890 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងទិសដៅពីជើងទៅត្បូងលុះពេលជិះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែជ្រុលទៅបុកផ្ទប់ពីក្រោយរទេះអេតចាយចតចោលលើចិញ្ចើមផ្លូវយ៉ាងពេញទំហឹងបណ្តាលឲ្យជុងកាងដែកធ្លាយទ្រូងស្លាប់យ៉ាងអាណោចអាធ័ម ចំណែកម្ចាស់រទេះអេតចាយរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌដង្កោចុះមកដល់ពិនិត្យកន្លែងសពរួចទាក់ទងទៅជំនាញចរាចរណ៍ក្រុងបន្តឲ្យចុះមកវាស់វែងយកម៉ូតូនិងរទេះអេតចាយទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ










