នគរបាលខេត្តព្រះសីហនុ បន្តបង្ក្រាបបទល្មើស និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេ​ត្តព្រះសីហនុ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ បានបង្ក្រាបបទល្មើសជាក់ស្តែងជាបន្តបន្ទាប់ចំនួនរួមមាន ៖

-ករណីហិង្សាដោយចេតនាប្រព្រឹត្តដោយអនីតិសង្វាសជន
-ករណីឆបោក
-ករណីប៉ុនប៉ងលួចម៉ូតូ
-ករណីលួចម៉ូតូ
-ករណីលួចទូរស័ព្ទ
-ករណីលួចធុងបាស នាឡិកា និងខ្សែភ្លើង ព្រមទាំងករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយលួចកាត់ខ្សែភ្លើង លួចខ្សែអ៊ីនធឺណិត និងលួចសម្ភារផ្សេងៗ) ។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១៧នាក់ (ស្រី១នាក់) និងដកហូតវត្ថុតាង ព្រមទាំងមធ្យោបាយប្រព្រឹត្តបទល្មើសជាច្រើន រួមមាន ម៉ូតូ ទូរស័ព្ទដៃ ខ្សែភ្លើង ខ្សែអ៊ីនធឺណិត ធុងបាស នាឡិកា ដង្កាប់ កាំបិតផ្គាក់ ឧបករណ៍កាត់ខ្សែភ្លើង និងឧបករណ៍កាច់សោ.កម៉ូតូ ព្រមទាំងសម្ភារផ្សេងៗដែលប្រើប្រាស់សម្រាប់ធ្វើសកម្មភាពបទល្មើស ។ ក្នុងនោះ សម្ភារមួយចំនួនដែលជាផលនៃអំពើលួច ត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមវិញ ស្របតាមការអនុញ្ញាតពីព្រះរាជអាជ្ញា ។

បច្ចុប្បន្ន ជនសង្ស័យពាក់ព័ន្ធទាំងអស់ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តពង្រឹងការល្បាត ស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យបានល្អប្រសើរ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print