បង្រ្កាបបទល្មើសជាក់ស្តែង អំពើលួចកាត់ខ្សែភ្លើងយកស្ពាន់ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ÷ មន្ត្រីនគរបាលខេត្តព្រះសីហនុឲ្យដឹងនៅព្រឹកថ្ងៃទី ៣០ ខែមិថុនានេះថា ដោយមានការយក ចិត្តទុកដាក់ ដឹកនាំចង្អុលបង្ហាញពីឧត្តមសេនីយ៍ ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងតាមការណែនាំពីលោកឧត្ដមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌបង្រ្កាបបទល្មើសជាក់ស្តែង អំពើលួចកាត់ខ្សែភ្លើងយកស្ពាន់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។

សមត្ថកិច្ចបានឲ្យដឹងថា នៅយប់​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៦ វេលាម៉ោង២០:៣៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់រាម បានសហការជាមួយ​កម្លាំងយោធាមូលដ្ឋាន​សមុទ្ររាម ធ្វើការល្បាត​តាមភូមិសាស្រ្តស្មុគ ស្មាញ។ លុះមកដល់ចំណុច ក្បាលហុង ស្ថិតក្នុងភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ បានឃាត់ជនសង្ស័យ ១នាក់​ដែលកំពុងធ្វើសកម្មភាពលួចកាត់ខ្សែរភ្លើង តាមបណ្តោយផ្លូវ​បេតុង រួចបន្តឃាត់ខ្លួន​បក្សពួកម្នាក់ទៀត រួមទាំងវត្ថុតាង៖

ជនសង្ស័យឈ្មោះ លី សុីថា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងឈ្មោះ ម៉ាន់ ល័ក្ខ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករសំណង់។ ទាំង ២នាក់ខាងលើស្នាក់នៅចំណុចក្បែរវត្តអូរត្រេះ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហ​នុ ខេត្តព្រះសីហនុ។​

វត្ថុតាងដកហូតរួមមាន៖
-ម៉ូតូចំនួន ២គ្រឿង(ជិះធ្វើសកម្មភាព)
១.ម៉ាក់សង់ C125 ពណ៌ខ្មៅ ផលិតឆ្នាំ2026 ពាក់ផ្លាកភ្នំពេញ1MB.1137
២.ម៉ាកសង់ C125ពណ៌ខ្មៅ ផលិតឆ្នាំ2013 ពាក់ផ្លាកលេខ​ភ្នំពេញ1CA.4505
-ខ្សែភ្លើង​មួយចំនួន
-កូនកាំបិតចំនួន ៣ដើម
-ដង្កាប់ចំនួន ៣ដើម
-ទូរស័ព្ទចំនួន ៣គ្រឿង​
-ពិលចំនួន ១គ្រឿង

ក្រោយពីសមត្ថកិច្ចសួរនាំ ជនសង្ស័យទាំង២ នាក់បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែ ភ្លើងនេះពិតប្រាកដមែន ព្រមទាំងប្រើប្រាស់គ្រឿងញៀនថែមទៀតផង(ធ្វើតេស្ត+វិជ្ជមានសារធាតុញៀន)។ ក្នុងនោះសមត្ថកិច្ចនគរបាបានទទួលពាក្យបណ្តឹង ចំនួន៤ ពីប្រជាពលរដ្ឋ នៅទីតាំងកើតហេតុផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ខាងលើ ត្រូវបានផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងកំពង់សោម កសាងសំណុំរឿង បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តតាមនីតិវិធី​៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print