ប្រធានាធិបតី ប៉ារ៉ាហ្គាយ លោក Santiago Peña បានប្រកាសឱ្យថ្ងៃអង្គារក្លាយជាថ្ងៃឈប់សម្រាកជាតិ ដើម្បីអបអរសាទរជ័យជម្នះដ៏ភ្ញាក់ផ្អើលរបស់ក្រុមបាល់ទាត់ជម្រើសជាតិ ដែលបានទម្លាក់ អាល្លឺម៉ង់ ឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup 2026។
ក្រុមតំណាងអាមេរិកខាងត្បូងមួយនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយយកឈ្នះម្ចាស់ជើងឯកពិភពលោក 4 សម័យ អាល្លឺម៉ង់ ដោយការទាត់បាល់ប៉េណាល់ទី 4-3 បន្ទាប់ពីស្មើគ្នា 1-1 ក្រោយការប្រកួត 120 នាទី ដែលត្រូវបានចាត់ទុកថាជាការភ្ញាក់ផ្អើលដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ World Cup។
លោក Peña បានសរសេរលើបណ្ដាញសង្គម X ថា៖ «ថ្ងៃនេះ ប្រទេសទាំងមូលកំពុងអបអរសាទរ។ វាជាជ័យជម្នះរបស់ក្រុមមួយ ដែលតំណាងឱ្យអត្តសញ្ញាណដ៏ជ្រាលជ្រៅរបស់ប្រជាជាតិយើង គឺភាពរឹងមាំ ជំនឿ និងស្មារតីមិនចេះចុះចាញ់។»
នៅក្នុងអនុក្រឹត្យដែលលោកបានចុះហត្ថលេខា និងផ្សព្វផ្សាយជាសាធារណៈ បានបញ្ជាក់ថា ជ័យជម្នះនេះមានអត្ថន័យលើសពីវិស័យកីឡា ហើយសមនឹងមានការប្រារព្ធអបអរសាទរទូទាំងប្រទេស។
អនុក្រឹត្យបានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលមិនអាចព្រងើយកន្តើយចំពោះសមិទ្ធផលដ៏អស្ចារ្យនេះបានទេ។ ដូច្នេះ ត្រូវសម្រួលឱ្យប្រជាជនប៉ារ៉ាហ្គាយទាំងអស់អាចជួបជុំគ្នា ដើម្បីអបអរសាទរថ្ងៃប្រវត្តិសាស្ត្រនេះ។»
ប៉ារ៉ាហ្គាយបានក្លាយជាប្រទេសទី២នៅអាមេរិកខាងត្បូង ដែលប្រកាសថ្ងៃឈប់សម្រាកជាតិ បន្ទាប់ពីទទួលបានជ័យជម្នះដ៏ភ្ញាក់ផ្អើលលើអាល្លឺម៉ង់ក្នុងព្រឹត្តិការណ៍ World Cup។
កាលពីសប្តាហ៍មុន ប្រធានាធិបតី អេក្វាឌ័រ លោក Daniel Noboa ក៏បានប្រកាសថ្ងៃឈប់សម្រាកជាតិផងដែរ បន្ទាប់ពីក្រុមជម្រើសជាតិអេក្វាឌ័រ បានយកឈ្នះអាល្លឺម៉ង់ 2-1 ក្នុងវគ្គចែកពូល និងឡើងទៅវគ្គជម្រុះ៕










