ខេត្តមណ្ឌលគិរី ៖ ស្ថានភាពជំងឺគ្រុនឈាមនៅក្នុងខេត្តមណ្ឌលគិរី បាននិងកំពុងបង្ហាញពីសញ្ញាកើនឡើងគួរឱ្យកត់សម្គាល់ ដោយគិតត្រឹមសប្តាហ៍ទី៤ ខែមិថុនា ឆ្នាំ២០២៦ នេះ ចំនួនអ្នកផ្ទុកមេរោគបានហក់ឡើងរហូតដល់ ២៦៩ ករណី។ នេះបើយោងតាមការបញ្ជាក់ពីលោក គីម ហេង អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្ត។
អ្វីដែលជាក្តីព្រួយបារម្ភបំផុតនោះ គឺអ្នកជំងឺភាគច្រើនគឺជាក្រុមកុមារ និងយុវវ័យ ដែលមានអាយុចន្លោះពី ៦ ដល់ ១៨ ឆ្នាំ។ ទោះជាយ៉ាងណា គិតមកទល់ពេលនេះ មិនទាន់មានករណីស្លាប់បាត់បង់ជីវិតឡើយ។
ជុំវិញការព័ត៌មានខាងលើនេះលោកវេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ មាតាបិតា និងលោកគ្រូអ្នកគ្រូ ត្រូវរួមគ្នាសម្អាតបរិស្ថានជុំវិញលំនៅឋាន និងសាលារៀន។ ជាមួយគ្នានេះ លោកបានដាក់ចេញនូវវិធានការគន្លឹះចំនួន ៤ ចំណុច ដើម្បីចូលរួមអនុវត្តជាដាច់ខាត៖
១. កម្ទេចជម្រកមូសខ្លា ត្រូវផ្កាប់ពាង អាងទឹក និងប្រមូលកម្ទេចសំបកកង់ឡាន-ម៉ូតូ ឬវត្ថុដក់ទឹកភ្លៀង ដែលជាប្រភពបង្កាត់ពូជមូសខ្លា។
២. សហការដាក់ថ្នាំអាបេត ត្រូវចូលរួមសម្របសម្រួលជាមួយមន្ត្រីសុខាភិបាល ក្នុងការដាក់ថ្នាំអាបេតក្នុងអាងទឹក និងបាញ់ថ្នាំសម្លាប់មូស។
៣. ការពារការខាំពីមូសខ្លា ត្រូវតម្រូវឱ្យកូនៗពាក់អាវដៃវែង ខោជើងវែង និងគេងក្នុងមុងជានិច្ចទាំងថ្ងៃទាំងយប់។
៤. ហាមដាច់ខាតការផ្សំថ្នាំព្យាបាលខ្លួនឯង ប្រសិនបើមានអាការៈក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់បញ្ជូនអ្នកជំងឺទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។ ការទិញថ្នាំលេប ឬចាក់ដោយខ្លួនឯង អាចបង្កគ្រោះថ្នាក់ដល់ជីវិត។
ទន្ទឹមនឹងនេះ មន្ទីរសុខាភិបាលខេត្តក៏បានបញ្ជាឱ្យមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមលក្ខណៈឱ្យបាន ១០០ ភាគរយ ទាំងកម្លាំង ឱសថ និងបរិក្ខារ ដើម្បីឆ្លើយតបនឹងស្ថានភាពនេះដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ក្រោមស្លោក «ការពារប្រសើរជាងព្យាបាល»៕










