Ronald Koeman លាលែងពីតំណែងគ្រូបង្វឹកហូឡង់ ខណៈសហព័ន្ធបាល់ទាត់ថ្កោលទោសការរើសអើងពូជសាសន៍លើកីឡាករ

ចែករំលែក៖

លោក Ronald Koeman បានប្រកាសលាលែងពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់ បន្ទាប់ពីក្រុមធ្លាក់ចេញពីព្រឹត្តិការណ៍ FIFA World Cup 2026 ខណៈសហព័ន្ធបាល់ទាត់ហូឡង់ (KNVB) បានថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រមាថប្រកាន់ពូជសាសន៍ និងសារស្អប់ខ្ពើមដែលផ្ញើទៅកាន់កីឡាករដែលស៊ុតបាល់ប៉េណាល់ទីមិនចូល។

 

ហូឡង់បានបរាជ័យក្រោមថ្វីជើង ម៉ារ៉ុក ដោយបាល់កាត់សេចក្ដីប៉េណាល់ទីនៅវគ្គ ៣២ ក្រុមចុងក្រោយ បន្ទាប់ពីស្មើគ្នា ១-១ ក្នុងរយៈពេល ១២០ នាទី។

 

ក្រោយការប្រកួត កីឡាករ Justin Kluivert, Quinten Timber និង Crysencio Summerville ដែលស៊ុតប៉េណាល់ទីមិនចូល បានរងការប្រមាថ ប្រកាន់ពូជសាសន៍ និងសារស្អប់ខ្ពើមជាច្រើននៅលើបណ្ដាញសង្គម។

 

លោក Koeman វ័យ ៦៣ ឆ្នាំ បានបញ្ចប់អាណត្តិលើកទីពីររបស់ខ្លួនក្នុងការដឹកនាំក្រុមជម្រើសជាតិ ហើយក៏បានបង្ហើបថា អាចនឹងបញ្ចប់អាជីពជាគ្រូបង្វឹកទាំងស្រុងផងដែរ។

 

លោកបានសរសេរនៅលើ Instagram ថា៖ «ពេលក្រឡេកមើលអាជីពរបស់ខ្ញុំ ខ្ញុំមានមោទនភាពយ៉ាងខ្លាំង។ ខ្ញុំបានធ្វើការជាមួយក្លិប និងមនុស្សជាច្រើន ដែលបានបង្កើតអនុស្សាវរីយ៍ដ៏មានតម្លៃសម្រាប់ជីវិតខ្ញុំ។»

 

លោកបន្តថា៖ «យើងទាំងអស់គ្នាសុបិនចង់បង្កើតប្រវត្តិសាស្ត្រនៅ World Cup ប៉ុន្តែយើងមិនអាចធ្វើបានឡើយ។ គ្មាននរណាម្នាក់ខកចិត្តជាងខ្ញុំទេ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យខ្ញុំយល់ថា មានរឿងសំខាន់ជាងបាល់ទាត់។ បាល់ទាត់គឺជាជីវិតរបស់ខ្ញុំ ប៉ុន្តែសុខភាពគឺមានតម្លៃលើសអ្វីៗទាំងអស់។ នៅពេលមនុស្សដែលអ្នកស្រឡាញ់កំពុងតស៊ូនឹងជំងឺធ្ងន់ធ្ងរ ទស្សនៈរបស់អ្នកចំពោះជីវិតក៏ផ្លាស់ប្តូរដែរ»។

 

ភរិយារបស់លោក Bartina Koeman កំពុងទទួលការព្យាបាលជំងឺមហារីកសុដន់។

 

ជាមួយគ្នានេះ សហព័ន្ធបាល់ទាត់ហូឡង់ (KNVB) បានប្រកាសថា នឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងអ្នកដែលបានប្រមាថកីឡាកររបស់ខ្លួន។

 

KNVB បានបញ្ជាក់ថា៖ «យើងសូមថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើទាំងនេះ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹង ក្រុមមេធាវីនឹងពិនិត្យថា តើសារទាំងនោះជាបទល្មើសតាមច្បាប់ដែរឬទេ។ ប្រសិនបើមានមូលដ្ឋានគ្រប់គ្រាន់ សំណុំរឿងនឹងត្រូវបញ្ជូនទៅអយ្យការ ដើម្បីបើកការស៊ើបអង្កេតព្រហ្មទណ្ឌ»។

 

សហព័ន្ធក៏បានបន្ថែមថា៖ «បាល់ទាត់គឺជាកីឡាដែលនាំមនុស្សគ្រប់ជាតិសាសន៍ និងគ្រប់វប្បធម៌មកជួបជុំគ្នា ខណៈការរើសអើងធ្វើឱ្យមនុស្សបែកបាក់។ វាផ្ទុយទាំងស្រុងនឹងតម្លៃដែលបាល់ទាត់តំណាងឱ្យ»។

...

 

ករណីនេះបានរំឭកដល់ព្រឹត្តិការណ៍នៅឆ្នាំ ២០២១ នៅពេលកីឡាករអង់គ្លេស Marcus Rashford, Bukayo Saka និង Jadon Sancho ក៏បានរងការប្រមាថប្រកាន់ពូជសាសន៍ បន្ទាប់ពីស៊ុតប៉េណាល់ទីមិនចូលក្នុងវគ្គផ្តាច់ព្រ័ត្រ Euro ទល់នឹងអ៊ីតាលី ដែលក្រោយមកជនល្មើសមួយចំនួនត្រូវបានផ្តន្ទាទោសតាមផ្លូវច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print