ខេត្តស្វាយរៀង ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ទិវាមច្ឆជាតិ ១កក្កដា ត្រូវបានប្រារព្ធឡើង ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ចូលរួមអភិរក្សនិងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ដែលជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុករាជរដ្ឋាភិបាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាល ចូលទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។
នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបន្តថា ទោះបីជាកម្ពុជាជាប្រទេសតូចក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើការជំរុញ និងពង្រីកការនាំចេញផលិតផលក្នុងវិស័យកសិកម្មទៅកាន់ទីផ្សារបរទេស ដើម្បីបង្កើនចំណូលជាតិ និងលើកកម្ពស់សេដ្ឋកិច្ច។
ជាមួយគ្នានោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាបន្តថែរក្សា ការពារ និងលុបបំបាត់រាល់បទល្មើសនេសាទខុសច្បាប់គ្រប់ទម្រង់ ដើម្បីធានាថាធនធានមច្ឆជាតិដ៏សម្បូរបែបរបស់កម្ពុជា នៅតែបន្តរីកលូតលាស់សម្រាប់កូនចៅជំនាន់ក្រោយតទៅមុខទៀត៕
ដោយ ៖ សិលា










