ជំនន់ទឹកភ្លៀងដែលធ្វើឲ្យលិចកំណាត់ផ្លូវជាតិលេខ៥ក្នុងស្រុកកំពង់ត្រឡាចបានស្រកអស់ហើយ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ កាលពីយប់ថ្ងៃទី២២ និងព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នេះ ជំនន់ទឹកភ្លៀងបានធ្វើឲ្យជនលិចកំណាត់ផ្លូវជាតិលេខ៥ មួយកន្លែងប្រវែង១០០ម៉ែត្រ ចន្លោះគីឡូម៉ែត្រលេខ៤៩ -៥០ ក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ប៉ុន្តែរហូតមកដល់ម៉ោង៣រសៀលថ្ងៃដដែលនេះទឹកបានស្រកអស់ទៅវិញហើយ ។

ការជន់លិចកំណាត់ផ្លូវជាតិលេខ៥ នេះដែរ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ប៉ុន្តែមន្រ្តីអាជ្ញាធរ និង មន្រ្តីជំនាញ ព្រមទាំងសមត្ថកិច្ចផង ដែលដឹកនាំដោយលោក កែវ ពៅ ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីជួយសម្រួលចរាចរណ៍ក្នុងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ ។

ក្នុងសកម្មភាពអន្តរាគមន៍នោះមន្រ្តីជំនាញនៃមន្ទីរសារធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានយកគ្រឿងចក្រ កាយបើកមុខទឹក និងយកបាវខ្សាច់ទៅតំរៀបទប់កុំឲ្យទឹកហូរកាត់ផ្លូវខ្លាំងដើម្បីបញ្ជៀសនូវការខូចខាតធ្ងន់ធ្ងរ។

លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី២៣ ខែកញ្ញា នេះ ទឹកបានស្រកអស់ទៅវិញហើយ ប៉ុន្តែបើសិនជាយប់នេះមានភ្លៀងទឹកនឹងបន្តជន់លិចថែមទៀត  ។

លោកប្រធានមន្ទីរបានបញ្ជាក់ឲ្យដឹងទៀតថា នៅក្នុងខេត្តកំពង់ឆ្នាំង មិនមានតំបន់ណាមួយរងនូវការជន់លិចធ្ងន់ធ្ងរឡើយ ហើយក៏មិនមានផ្លូវ ឬ ទំនប់ដាច់ខូចខាតដោយសារទឹកជំនន់ដែរ ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ជំនន់ទឹកភ្លៀងនៅថ្ងៃទី២៣ ខែកញ្ញា នេះ បណ្តាលឲ្យលិចស្រូវរបស់ប្រជាកសិករនៅក្នុងស្រុកកំពង់ត្រឡាចចំនួន១៥ហិកតា ប៉ុន្តែបើទឹកស្រកទៅវិញលឿនស្រូវដែលលិចនោះមិនខូចទេ ៕

1-1 1-2 1-3 1-4 1-5 1-6

...

ដោយ៖ សន សក្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print