ស្ត្រីម្នាក់បាញ់លុយច្រឡំអស់២ពាន់ដុល្លារ ទៅឲ្យអ្នកនៅខេត្តព្រះវិហារ,អស់រយ:ពេលជិត០៥ ខែ ស្រាប់តែជួបអ្នកទទួលលុយនៅស្រុកល្វាឯមដោយចៃដន្យ

ចែករំលែក៖

ខេត្តកណ្តាល ÷ ស្ត្រីម្នាក់បានបាញ់លុយច្រឡំអស់ ២.០០០ដុល្លារ ទៅគណនីផ្សេងខុសគោលដៅ ដោយកើតហេតុតាំងពីវេលាម៉ោង០២និង១៩នាទីថ្ងៃទី ០៩ខែកុម្ភ:ឆ្នាំ២០២៦នៅចំណុចភូមិជ្រោយជ្រៃ ឃុំសំបួរ ស្រុក ល្វាឯម ខេត្តកណ្តាល ស្រាប់តែចៃដន្យ ស្ត្រីរងគ្រោះបានជួបនិងស្គាល់ជនសង្ស័យ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៦ (ជិត០៥ខែ) ក៏បានទូរស័ព្ទប្តឹងសមត្ថកិច្ច ឲ្យអន្តរាគមន៍ឃាត់ខ្លួនបានភ្លាម ។

លោកវរសេនីយ៍ឯក មួង រដ្ធា អធិការនគរបាលស្រុកល្វាឯមបានប្រាប់ឲ្យដឹងថា ស្ត្រីរងគ្រោះ ជាម្ចាស់ទីតាំងវេរលុយ(វីង) មានឈ្មោះ លុយ ចាន់លាភ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិឃុំកើតហេតុ មុខរបរ បើកវីងវេរលុយ។ ប្រាក់បាត់បង់ចំនួន ២.០០០ដុល្លារ។ ចំណែកជនសង្ស័យមានឈ្មោះ SEAM KHEMARA (ស៊ាម ខេមរា) ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរមុខរបរបើករថយន្តស៊ីឈ្នួលដឹកស្រូវ វិជ្ជមាននូវសារធាតុញៀន មានទីលំនៅភូមិថ្មី សង្កាត់កំពង់សំណាក ក្រុងព្រះវិហារខេត្តព្រះវិហារ ។ វត្ថុ​តាង​ចាប់យក ÷ទូរសព្ទ​ម៉ាក oppo ពណ៌​ខ្មៅ​ចំនួន០១គ្រឿង ។

លោកអធិការបានលំអិតសាច់រឿងយ៉ាងដូច្នេះថា កាលពីថ្ងៃកើតហេតុ ទី០៩ខែកុម្ភ:ឆ្នាំ២០២៦ ស្ត្រីរងគ្រោះ បានផ្ទេរប្រាក់តាមរយៈ QR Code របស់ធនាគារ អេស៊ីលីដា ដោយច្រឡំទៅឲ្យឈ្មោះ SEAM KHEMARA ( ស៊ាម ខេមរា ) (ជនសង្ស័យ) ចំនួន ២.០០០ (ពីរពាន់ដុល្លារ)។ ក្រោយពីបានផ្ទេរប្រាក់រួច ទើបស្ត្រីរងគ្រោះ ដឹងថាផ្ទេរប្រាក់ច្រឡំគណនី។ ពេល នោះក៏បានព្យាយាមទំនាក់ទំនងទៅ ជនសង្ស័យតាមឆាតជាច្រើនដង។ ប៉ុន្តែទាក់ទងមិនបានសោះហើយស្ត្រីរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចូល ក្រសួងមហាផ្ទៃ និងស្នើឲ្យ ធនាគារ ABA បង្កក​ គណនី​ ដែលនាងបាញ់ច្រឡំ ក៏ខាង ABA ធ្វើតាមសំណូមពរ ។

លុះនៅថ្ងៃទី ៣០ខែមិថុនាឆ្នាំ ២០២៦ជនសង្ស័យ ក៏ បានបើករថយន្តដឹកស្រូវចេញពីខេត្តបាត់ដំបង ដើម្បីឆ្ពោះទៅខេត្តព្រៃវែង ដោយឆ្លងកាត់តាមស្រុកល្វាឯម ហើយក៏បានមកកន្លែងវីងរបស់ស្ត្រីរងគ្រោះ ដើម្បីផ្ទេរប្រាក់ ពេលនោះស្ត្រីរងគ្រោះបានស្គាល់យ៉ាងច្បាស់ ក៏បានទូរសព្ទ​ប្តឹងសមត្ថកិច្ចឲ្យជួយឃាត់ខ្លួន​ជនសង្ស័យ​ បញ្ជូន​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលសំបួរ​ ។

​នៅចំពោះ​មុខ​សមត្ថកិច្ច​ ជជនសង្ស័យបាន​សារភាព​ថា​ កាលអំឡុងខែ​ កុម្ភៈ​ឆ្នាំ២០២៦​គឺខ្លួនពិតជាមានគណនី​ធនាគារ​ មួយមិនស្គាល់ បានបាញ់លុយចូលក្នុងគណនី​ ABA របស់ខ្លួនចំនួន​ទឹកប្រាក់​ 2.000ដុល្លារ ពិតប្រាកដមែន តែខ្លួនមិនបានបាញ់ត្រឡប់ទៅម្ចាស់ដើមវិញនោះទេ ។

លុះវេលាម៉ោង១៦និង០០នាទី ថ្ងៃទី៣០ខែមិថុនាឆ្នាំ ២០២៦ ពេលខ្លួនបើករថយន្តដឹកស្រូវ ឆ្លងកាត់ស្រុកល្វាឯម ខ្លួនក៏បានចូលទៅវេលុយនៅផ្ទះវីង​ (ផ្ទះស្ត្រីរងគ្រោះ) ស្រាប់​ម្ចាស់វីងស្គាល់​ ក៏ទូរសព្ទ​ប្តឹង​សមត្ថកិច្ច​ ឲ្យឃាត់ខ្លួន​បញ្ជូន​មក​ អធិការរដ្ឋាននគរបាលស្រុកល្វាឯម​​ទេីបខ្លួនដឹងថា ស្ត្រីម្ចាស់ផ្ទះវីង គឺជាម្ចាស់លុយ ២០០០ដុល្លារ ដែលបាញ់ច្រឡំឲ្យខ្លួនកាលពីជិត០៥ខែមុន ។

បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុ​តាង​បានបញ្ជូនមក​អធិការរដ្ឋាននគរបាលស្រុកល្វាឯម​ដេីម្បី​កសាង​សំណុំ​រឿង​តាមនីតិវិធី​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print