ខេត្តកណ្តាល៖ តាមការឱ្យដឹង របស់មន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនៅថ្ងៃទី១ ខែ កក្កដា ឆ្នាំ២០២៦ នេះថា ដោយមានការចង្អុលបង្ហាញដឹកនាំពី លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងដោយមានការសម្របសម្រួលនីតិវិធីដោយលោក លាង អ៊ូ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល កំលាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តកណ្តាល ដឹកនាំដោយលោកឧត្តម សេនីយ៍ត្រី លី សុជាតិ ស្នងការរងផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយការិយាល័យនិយ័តកម្មសុខាភិបាលនៃមន្ទីរសុខាភិបាលខេត្តកណ្តាល ដឹកនាំដោយលោក កូ តាត ប្រធានការិយាល័យនិយ័តកម្ម បានធ្វើការឃាត់រថយន្តមួយគ្រឿងម៉ាក Ssangyong Istana ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AA-8359 នៅចន្លោះគីឡូម៉ែត្រ23 ស្រុកមុខកំពូល ខេត្តកណ្តាល ដែលមានអ្នកបើកបរ ឈ្មោះ ភាព ស្រី ភេទប្រុស អាយុ37ឆ្នាំ មានទីលំនៅ ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។
ក្រោយការពិនិត្យពីការិយាល័យជំនាញនិយ័តកម្មសុខាភិបាលរួចមកឃើញថា ថ្នាំពេទ្យសរុបចំនួន45 កេសធំ ដែលមានចំនួន120ប្រភេទ ត្រូវនឹង23400 ប្រអប់ ពុំមានច្បាប់និងចុះបញ្ជីការត្រឹមត្រូវឡើយ។
ក្រោយមកថ្នាំពេទ្យខាងលើ ត្រូវបានយកមករក្សាទុកនៅការិយាល័យនិយ័តកម្មសុខាភិបាលខេត្ត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕
ដោយ៖ សុរិយា










