សហព័ន្ធស្រូវអង្ករកម្ពុជា​៖ ឆមាសទី១ឆ្នាំ​នេះ! កម្ពុជានាំចេញអង្ករជាង ៧ពាន់តោនទៅកាន់ទីផ្សារអាមេរិក និងកំពុងរកវិធីនាំចេញឱ្យបានច្រើនជាងនេះ

ចែករំលែក៖

សហរដ្ឋ​អាមេរិក៖ បន្ទាប់ពីបានចូលរួមពិព័រណ៍អាហារ Summer Fancy Food Show 2026 នៅទីក្រុងញូវយ៉ក ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) លោកឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ​ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូ និងក្រុមហ៊ុននាំចេញអង្ករកម្ពុជា បន្តដំណើរទស្សនកិច្ចសិក្សាទីផ្សារអង្ករកម្ពុជា នៅទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក។​ ក្នុងដំណើរទស្សនកិច្ចនេះ ផ្តោតសំខាន់លើការស្វែងយល់ពីបណ្តាញចែកចាយ និងឱកាសពង្រីកទីផ្សារអង្ករកម្ពុជា ទាំងក្នុងសហគមន៍ខ្មែរ និងទីផ្សារអាមេរិកទូលំទូលាយ។

ក្នុងឱកាសនោះ គណៈប្រតិភូបានអញ្ជើញទៅទស្សនកិច្ចដោយផ្ទាល់នៅផ្សារចតុមុខរបស់ខ្មែរ (Chaktomuk Market) ដែលជាផ្សារមួយមានការផ្គត់ផ្គង់ផលិតផលខ្មែរ និងអាស៊ីជាច្រើនប្រភេទ រួមទាំងអង្ករកម្ពុជាផងដែរ។ តាមរយៈការចុះពិនិត្យផ្ទាល់ ប្រតិភូបានពិនិត្យមើលការដាក់តាំងផលិតផល គុណភាពនៃការវេចខ្ចប់ តម្លៃលក់ និងការឆ្លើយតបរបស់អតិថិជនចំពោះអង្ករកម្ពុជា ដោយប្រៀបធៀបជាមួយអង្ករមកពីប្រទេសថៃ និងវៀតណាម ដែលកំពុងចរាចរណ៍លើទីផ្សារដូចគ្នា។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា​ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ណាស់ ក្នុងការស្វែងយល់ពីតម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក។ ការយល់ដឹងស៊ីជម្រៅនេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុននាំចេញអង្ករកម្ពុជា អាចកែលម្អគុណភាពផលិតផល ការវេចខ្ចប់ ការកសាងម៉ាកយីហោ និងយុទ្ធសាស្ត្រទីផ្សារ ឱ្យស្របតាមតម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់ និងអ្នកនាំចូល។ លោកបានសង្កត់ធ្ងន់ថា ការសម្របខ្លួនទៅនឹងនិន្នាការទីផ្សារ គឺជាកត្តាចាំបាច់ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានលើកឡើងផងដែរថា ទីផ្សារសហរដ្ឋអាមេរិក គឺជាទីផ្សារដែលមានសក្តានុពលខ្ពស់សម្រាប់អង្ករកម្ពុជា ជាពិសេសអង្ករក្រអូបប្រណិត ដែលមានការទទួលស្គាល់ពីគុណភាពខ្ពស់នៅលើទីផ្សារអន្តរជាតិ។ ការចុះសិក្សាទីផ្សារដោយផ្ទាល់នេះ នឹងជួយឱ្យវិស័យឯកជនកម្ពុជា យល់កាន់តែច្បាស់ពីនិន្នាការទីផ្សារ និងពង្រឹងទំនាក់ទំនងជាមួយអ្នកនាំចូល អ្នកចែកចាយ និងម្ចាស់ផ្សារនៅសហរដ្ឋអាមេរិក ដែលជាកត្តាគន្លឹះក្នុងការជំរុញកំណើននាំចេញ។

ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏សំខាន់របស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការពង្រីកទីផ្សារនាំចេញ បង្កើនការទទួលស្គាល់ម៉ាកយីហោអង្ករកម្ពុជា និងជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារអាមេរិកឱ្យកាន់តែមានកំណើននាពេលអនាគត។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ ក្រុមការងារក៏បានពិនិត្យរកឃើញអង្ករកម្ពុជាប្រមាណជាង ១០ម៉ាក ដែលបានវេចខ្ចប់ និងចែកចាយនៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

...

ជាក់ស្តែង ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករមកសហរដ្ឋអាមេរិកបានចំនួនជាង ៧ ៣០០តោន ដែលជាសញ្ញាវិជ្ជមានមួយបង្ហាញពីសក្តានុពលដ៏ធំធេងនៃទីផ្សារនេះ។​ ការបន្តកិច្ចខិតខំប្រឹងប្រែងទាំងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យស្រូវអង្ករកម្ពុជាឱ្យកាន់តែរីកចម្រើន និងទទួលបានការគាំទ្រកាន់តែខ្លាំងពីអតិថិជនអន្តរជាតិ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print