ភ្នំពេញ ៖ សាកសពបុរសចំនួនពីរនាក់បានផុសអណ្ដែតឡើងជាបន្តបន្ទាប់នៅតាមដងទន្លេសាបនិងរសាត់តាមខ្យល់ហើយត្រូវបានប្រជានេសាទនិងសមត្ថកិច្ចនាំគ្នាអូសឡើងច្រាំងដើម្បីទាក់ទងហៅនគរបាលជំនាញចុះត្រួតពិនិត្យ។
ហេតុការណ៍ប្រទះឃើញសាកសពអណ្ដែតទឹកនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាថ្ងៃត្រង់ទី៣ខែកក្កដាឆ្នាំ ២០២៦ដែលសាកសពបុរសម្នាក់អណ្ដែតនៅខាង ត្បូងស្ពានជ្រោយចង្វារ និងសាកសពបុរសម្នាក់ទៀតអណ្ដែតនៅក្បែរច្រាំងទន្លេ ក្បែរសណ្ឋាគារសុខា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។
តាមព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ១១និង៣០ នាទីថ្ងៃត្រង់ទី៣ ខែកក្កដាឆ្នាំ២០២៦សាកសពបុរសម្នាក់បានផុសអណ្ដែតឡើងនៅខាងត្បូងស្ពានជ្រោយចង្វារហើយរសាត់តាមខ្សែទឹក។ ភ្លាមៗនោះអ្នក នេសាទក៏ប្រទះឃើញរួចក៏អូសយកឡើងច្រាំងទន្លេក្បែរសណ្ឋាគារសុខាដើម្បីឲ្យសមត្ថកិច្ចជំនាញត្រួតពិនិត្យ។ស្របពេលនោះដែរ ពេលដែលអូសទាញសពចូលខាងស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ទៀតអណ្ដែតទឹកនៅក្បែរច្រាំងទន្លេក្បែរសណ្ឋាគារសុខា។ បន្ទាប់ពីភ្ញាក់ផ្អើលសាកសពបុរសទាំងពីរនាក់ត្រូវបានសមត្ថកិច្ចអូសឡើងច្រើនដើម្បីត្រួតពិនិត្យទោះបីជាយ៉ាងណាភ្លាមៗគេពុំទាន់ដឹងថាស្លាប់ដោយសារមូលហេតុអ្វីពិតប្រាកដឡើយ។
ជាជំហានដំបូង គេសង្ស័យថាបុរសរូបនោះ បានធ្វើអត្តឃាត ដោយលោតទឹកសម្លាប់ខ្លួនពីលើស្ពានណា មួយហើយសពបានអណ្ដែតឡើង។ ទោះបីជាយ៉ាងណាមានតែសមត្ថកិច្ចជំនាញចុះពិនិត្យទើបអាចកំណត់បានថាជនរងគ្រោះស្លាប់ដោយសារអ្វីពិតប្រាកដ ៕
ដោយ៖ សុរិយា










