ភ្នំពេញ៖ យ៉ាងហោចណាស់មានតារាសម្តែងប្រុសស្រីល្បីឈ្មោះរបស់ប្រទេសSingaporeចំនួន៤រូប បានបង្ហាញវត្តមាននៅកម្ពុជាកាលពីចុងសប្តាហ៍នេះប្រយោជន៍ជួបជាមួយអ្នកគាំទ្ររបស់ខ្លួន សម្តែងនិងចូលរួមផ្សព្វផ្សាយខ្សែភាពយន្តដែលពួកគេសម្តែងផងដែរ។ សិល្បករទាំង៤រូបរួមមាន: អ្នកនាង ហ្សូ អ៊ីថេ, លោក អែលវីន អ៊ឹង, លោក រ៉ូមីអូ តាន់ និងកញ្ញា ផេច ឆ័រ ដែលបានសម្ដែងក្នុងខ្សែភាពយន្តភាគដ៏ល្បី រឿង”ឆាកជីវិតដូចព្រេងនិទានវគ្គ២” និងរឿង “ពេលវេលាប្រល័យវាសនា” ដែលពួកគេបានមកដល់ព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងកម្មវិធី “ជួបជុំតារាSingapore”នៅមហោស្រពរ៉ូហ្សាណា ខេត្តសៀមរាប នាល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦។
កម្មវិធីដ៏រំភើបប្លែកនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ភីភីស៊ីធីវី(PPCTV) គឺដើម្បីផ្តល់ឱកាសឲ្យសិល្បករមកពីSingapore បានជួបជាមួយអ្នកគាំទ្រនៅកម្ពុជាដោយផ្ទាល់ ពិសេសគឺមុនពេលដែលខ្សែភាពយន្តភាគដ៏ល្បីល្បាញខាងត្រូវចាក់បញ្ចាំងលើកកញ្ចក់ទូរទស្សន៍ខ្សែកាបនៅពេលដ៏ខ្លីខាងមុខនេះ។ ការបញ្ជាក់ពីវត្តមានរបស់តារាទាំង៤រូបខាងលើត្រូវបានធ្វើឡើង នៅកម្មវិធីសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នាសណ្ឋាគា ឡឺរ៉ូយ៉ាល់។
អ្នកនាង ហ្សូ អ៊ីថេ(Zoe Tay) ដែលប្រជាជនខ្មែរហៅនាងថាបូបូ បានបញ្ជាក់ពីអារម្មណ៍រំភើបរីករាយដែលបានធ្វើដំណើរមកកាន់កម្ពុជាជាថ្មីជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគ្រប់គ្រងកម្មវិធី និងអ្នកគាំទ្រនាង។ អ្វីដែលធ្វើឲ្យនាងកាន់តែរំភើបគឺការបង្ហាញវត្តមានសម្តែង និងជួបអ្នកគាំទ្រនៅលើទឹកដីនៃខេត្តសៀមរាបដែលជាទឹកដីដ៏ល្បីល្បាញសម្បូរដោយប្រាសាទបុរាណខ្មែរ។ អ្នកនាងលើឡើងថា ដំណើរទៅកាន់ខេត្តសៀមរាបនៅពេលនេះអាចនឹងជួយឲ្យនាងសម្រេចបំណងក្នុងការចូលទស្សនាប្រាសាទនានាដ៏ល្បីឈ្មោះរបស់កម្ពុជា។ ងាកមកកាន់ការសម្តែងក្នុងខ្សែភាពយន្តវិញតារាស្រីល្បីឈ្មោះរូបនេះបានលើកឡើងថា ក្នុងរឿង”ឆាកជីវិតដូចព្រេងនិទានវគ្គ២” នាងនឹងត្រូវសម្តែងពីតួអង្គអគ្គនាយករងគ្រប់គ្រង់កម្មវិធីកម្សាន្ត មកជាអគ្គនាយករងផ្នែកផលិតខ្សែភាពយន្តភាគវិញ។ អ្នកនាងបញ្ជាក់ថា ខ្សែភាពយន្តដែលល្អនិងទទួលបានការគាំទ្រច្រើនពីទស្សនិកជនគឺត្រូវមានសាច់រឿងល្អ តារាសម្តែងល្បី អ្នកដឹកនាំរឿងឆ្នើម និងបច្ចេកទេសខ្ពស់។ អ្នកនាងរំពឹងថា ការធ្វើដំណើរមកកាន់កម្ពុជាលើកនេះនឹងកាន់តែប្លែកជាមួយនឹងការរៀបចំយ៉ាងពិសេសសម្រាប់ជួបជាមួយអ្នកគាំទ្រ ពិសេសគឺការធ្វើដំណើរកម្សាន្ត។
សម្រាប់លោក រ៉ូ មីអូតាន់(Romeo Tan) វិញក៏បានបង្ហាញពីចំណាប់អារម្មណ៍ត្រេកអរជាមួយនឹងវត្តមានចូលរួមផ្សព្វផ្សាយខ្សែភាពយន្តដែលរូបលោកសម្តែងផងដែរ។ លោកថា ក្នុងខ្សែភាពយន្តរឿង”ឆាកជីវិតដូចព្រេងនិទានវគ្គ២” នេះលោកសម្តែងជាតួអង្គកូនមហាសេដ្ឋម្នាក់នៅតែវ៉ាន់ ដែលរស់នៅដោយស្រណុកសុខស្រួលនិងមិនធ្លាប់ឆ្លងកាត់ការលំបាក ប៉ុន្តែដោយការចង់មានអ្នកគាំទ្រ ចង់ទទួលបានភាពល្បីល្បាញនិងមាននារីតាមស្នេហ៍ច្រើនទើបលោកសម្រេចចិត្តចូលប្រឡូកក្នុងវិស័យសិល្បៈ។ លោករំពឹងថា ការធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅពេលនេះនឹងធ្វើឲ្យលោកកាន់តែជិតស្និទ្ធជាមួយអ្នកគាំទ្រខ្លាំងជាងមុន។
សម្រាប់លោក អែលវីន អ៊ឹង(Elvin NG) និងកញ្ញា ផេច ឆ័រ(Paige Chua) ដែលបានសម្ដែងក្នុងខ្សែភាពយន្តភាគដ៏ល្បី រឿង “ពេលវេលាប្រល័យវាសនា” បានសម្តែងនូវអារម្មណ៍រីករាយពេលដែលបានធ្វើដំណើរមកដល់កម្ពុជាជាមួយនឹងរៀបចំទទួលយ៉ាងពិសេស។ ក្នុងរឿងនេះលោក អែលវីន អ៊ឹងគឺជាលើកដំបូងដែលលោកសម្តែងជាតួអង្គចិត្តអាក្រក់ដែលបានធ្វើឲ្យតួអង្គប្រពន្ធសម្តែងដោយកញ្ញា ផេច ឆ័រ ឈឺចាប់ព្រោះតែលោកមានស្រីខាងក្រៅ ហើយក៏បានបែកបាក់គ្នា។ សិល្បករទាំងអស់សុទ្ធតែបង្ហាញក្តីសង្ឃឹមខ្ពស់ជាមួយនឹងការធ្វើដំណើរមកជួបអ្នកគាំទ្រនិងការបង្ហាញសមត្ថភាពនៅលើទឹកដីនៃខេត្តសៀមរាប ពិសេសពួកគេបានត្រៀមរួចជាស្រេចក្នុងការផ្តិតយកទស្សនីយភាពប្រាង្គប្រាសាទខ្មែរផងដែរ៕
ដោយ៖ វឌ្ឍនា