លោក Tuchel បង្ហាញទំនុកចិត្តអង់គ្លេសត្រៀមសរសេរប្រវត្តិសាស្ត្ររបស់ខ្លួននៅកីឡដ្ឋាន Azteca ដ៏ល្បីល្បាញ

ចែករំលែក៖

លោក Thomas Tuchel គ្រូបង្វឹកក្រុមជម្រើសជាតិ អង់គ្លេស បាននិយាយថា កូនក្រុមរបស់លោកកំពុងទន្ទឹងរង់ចាំឱកាសលេងនៅកីឡដ្ឋានដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក ខណៈពួកគេបានបញ្ចប់ការត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គ 16 ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ World Cup ទល់នឹងម្ចាស់ផ្ទះ ម៉ិកស៊ិក នៅកីឡដ្ឋាន Azteca។

ក្រុមអង់គ្លេសបានហ្វឹកហាត់នៅមជ្ឈមណ្ឌល Cantera របស់ក្លិប Pumas UNAM បន្ទាប់ពីមកដល់ទីក្រុងម៉ិកស៊ិកកាលពីថ្ងៃសុក្រ ដើម្បីសម្របខ្លួនទៅនឹងកម្ពស់ជាង 2,200 ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ មុនពេលជួបក្រុមម៉ិកស៊ិក ដែលមិនទាន់ស្គាល់ពាក្យចាញ់ និងមានអ្នកគាំទ្ររាប់ម៉ឺននាក់នៅពីក្រោយ។

Tuchel បាននិយាយថា៖ «យើងកំពុងស្ថិតនៅកន្លែងដ៏អស្ចារ្យ កីឡដ្ឋានដ៏ល្បីល្បាញ ការប្រកួតដ៏ធំ និងជាការប្រកួតវគ្គជម្រុះជាមួយម៉ិកស៊ិកនៅ Azteca។ វាជាការប្រកួតប្រវត្តិសាស្ត្រ និងជាវេទិកាដ៏ធំ ហើយយើងមានអារម្មណ៍រំភើបខ្លាំង»។

មិនយកកម្ពស់ទីក្រុងធ្វើជាលេស

មុនការប្រកួត ការពិភាក្សាជាច្រើនផ្តោតលើបញ្ហាកម្ពស់ទីក្រុងម៉ិកស៊ិក ខណៈអង់គ្លេសមានពេលត្រឹម 4 ថ្ងៃ ប៉ុណ្ណោះ បន្ទាប់ពីយកឈ្នះ កុងហ្គោ (DR Congo) នៅវគ្គ 32 ក្រុមចុងក្រោយ។

ទោះជាយ៉ាងណា កីឡាករអង់គ្លេសបានបង្ហាញភាពធូរស្រាលក្នុងការហ្វឹកហាត់ ដោយលេងសើច និងញញឹមជាមួយគ្នា។

Tuchel បានទទួលស្គាល់ថា កីឡាករមានអារម្មណ៍ពីការខ្វះអុកស៊ីសែននៅដើមការហ្វឹកហាត់ ប៉ុន្តែពួកគេសម្របខ្លួនបានយ៉ាងល្អ។

លោកបាននិយាយថា៖ «កីឡាករមានអារម្មណ៍ពីកម្ពស់នេះនៅប៉ុន្មាននាទីដំបូង ប៉ុន្តែពេលហ្វឹកហាត់កាន់តែយូរ ពួកគេកាន់តែសម្របខ្លួនបាន។ វាជារឿងដែលយើងត្រូវទទួលយក»។

មិនខ្លាចបរិយាកាសអ្នកគាំទ្រម្ចាស់ផ្ទះ

Tuchel ក៏បានបដិសេធថា ក្រុមរបស់លោកមិនបានព្រួយបារម្ភចំពោះបរិយាកាសដ៏ក្តៅគគុកពីអ្នកគាំទ្រម៉ិកស៊ិកនោះទេ។ «ខ្ញុំមិនរំពឹងថានឹងមានបរិយាកាសសត្រូវឡើយ។ ខ្ញុំគិតថាវានឹងពោរពេញទៅដោយអារម្មណ៍ និងការគាំទ្រសម្រាប់ម្ចាស់ផ្ទះ។ ចំពោះកម្ពស់ និងអ្នកគាំទ្រ វាជាអ្វីដែលយើងត្រូវទទួលយក។» «យើងត្រូវជម្នះឧបសគ្គទាំងនេះ ហើយខ្ញុំជឿជាក់លើស្មារតី ការប្តេជ្ញាចិត្ត និងភាពរួបរួមរបស់ក្រុម»។

Henderson៖ «មិនមានការប្រកួតណាធំជាងនេះទៀតទេ»

ខ្សែបម្រើជើងចាស់ Jordan Henderson បាននិយាយថា ក្រុមអង់គ្លេសកំពុងរីករាយនឹងការប្រកួតដ៏ធំនេះ។ «គ្មានអ្វីធំជាងការប្រកួតជាមួយម៉ិកស៊ិក នៅទីក្រុងម៉ិកស៊ិក និងនៅកីឡដ្ឋាន Azteca នេះទៀតទេ។»
«វាជាឱកាសដ៏អស្ចារ្យសម្រាប់យើងទាំងអស់គ្នា។ ម៉ិកស៊ិកជាក្រុមដ៏ខ្លាំងមួយ ហើយវានឹងក្លាយជាការប្រកួតដ៏លំបាក ប៉ុន្តែយើងទាំងអស់គ្នាកំពុងទន្ទឹងរង់ចាំ»។

Henderson បន្ថែមថា ក្រុមមិនផ្តោតលើរឿងដែលមិនអាចគ្រប់គ្រងបានឡើយ។ «រឿងដូចជាកម្ពស់ទីក្រុង ឬម៉ោងចាប់ផ្តើមការប្រកួត មិនមែនជាអ្វីដែលយើងអាចគ្រប់គ្រងបានទេ។ យើងផ្តោតតែលើការងាររបស់យើង។ គ្មានលេសទេ។ យើងរួចរាល់ហើយ»។

មិនមែនមកសងសឹក តែមកបង្កើតប្រវត្តិសាស្ត្រថ្មី

នេះជាលើកដំបូងដែលអង់គ្លេសត្រឡប់មកប្រកួតផ្លូវការនៅ Azteca Stadium ចាប់តាំងពីការបរាជ័យក្រោមថ្វីជើងអាហ្សង់ទីន ក្នុងវគ្គ 8 ក្រុមចុងក្រោយ World Cup 1986 ដែលល្បីដោយសារគ្រាប់បាល់ដៃព្រះ “Hand of God” និង “Goal of the Century” របស់ Diego Maradona។

...

ប៉ុន្តែ Tuchel បានបញ្ជាក់ថា ក្រុមរបស់លោកមិនមកទីនេះដើម្បីសងសឹកអតីតកាលឡើយ។ «យើងមិនមែនមកដើម្បីសងសឹកទេ។ យើងមកទីនេះដើម្បីសរសេរប្រវត្តិសាស្ត្រថ្មីរបស់យើង។ យើងមានទំនុកចិត្ត មានស្មារតីល្អ ហើយត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតនៅថ្ងៃស្អែក»៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print