ភ្នំពេញ៖. អាជ្ញាធររាជធានីភ្នំពេញត្រៀមស្ថាបនាប្រព័ន្ធលូ ផ្លូវ នៅជុំវិញផ្សារដីក្រហមដើមគឱ្យមានសោភ័ណភាព សណ្ដាប់ធ្នាប់ល្អ ។ ក្រោមការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃអាទិត្យទី០៥ ខែកក្កដា ឆ្នាំ២០២៦ លោកសុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានចុះទៅសម្របសម្រួលផ្ទាល់ជាមួយ អាជីវករលក់ដូរនៅក្នុងតំបន់ដីក្រហម ជាប់ផ្សារដើមគ ទទួលបានការស្រុះស្រួលនិងសះជាគ្នាដើម្បីគម្រោងស្ថាបនាប្រព័ន្ធលូ ផ្លូវ នៅជុំវិញផ្សារដើមគ បានប្រព្រឹត្ដទៅតាមគម្រោងដែលបានគ្រោងទុក ។
ក្រោយការជជែកគ្នាលម្អិតរួចមក គ្រប់ភាគីបានយល់ពីគ្នាអស់ហេីយ ហើយអាជីវករក៏បានព្រមទទួលយកតាមការដោះស្រាយរបស់អាជ្ញាធរ ព្រមទាំងសាទរចំពោះការរៀបចំជួសជុលផ្លូវដាក់ លូ និងរៀបខឿនចិញ្ចើមផ្លូវផងដែរ។
លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ក្នុងនាមលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរអរគុណដល់បងប្អូនអាជីវករទាំងអស់ដែលបានឯកភាពឱ្យគម្រោងដ៏មានសារសំខាន់មួយនេះដំណើរការតាមផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបរិស្ថាន អនាម័យ សោភ័ណភាព តាមដងផ្លូវ និងបរិវេណផ្សារដើមគផងដែរ។
តាមការបញ្ជាក់ពីលោកស្រី ដោ សម្ភស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ផែនការដែលបានគ្រោងទុករដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្តេីមការដ្ឋានដែលមាន ៖ ១.ជួសជុលចាក់បេតុងឆ្អឹងដែកកម្រាស់ ២០សម នៅផ្លូវលេខ២៣៥ (ចាប់ពីផ្លូវ ៣៣៦ដល់ផ្លូវ២១៧)ប្រវែង១៧៦ម ទទឹង១២ម និងដាក់លូទំហំ០.៨ម ផ្នែកខាងកើតប្រវែង៨៣ម។ ២.ជួសជុលចាក់បេតុងឆ្អឹងដែកកម្រាស់ ២០សមនៅផ្លូវលេខ៣៤៦ (ចាប់ពីផ្លូវ ២៤៥ដល់ផ្លូវ២៣៥) ប្រវែង១៥០ម ទទឹង១២ម និងដាក់លូទំហំ០.៨មផ្នែកខាងជើង ប្រវែង១៦០ម។ ៣.រៀបខឿនចិញ្ចើមផ្លូវទាំងពីរខ្សែប្រវែង៦៥២ម៉ែត្រ ៕ ដោយ សំរិត










