អ្នកគាំទ្រម៉ិកស៊ិកបានបាញ់កាំជ្រួច និងនាំក្រុមតន្ត្រីពេញមួយក្រុមមកលេងភ្លេង ដើម្បីព្យាយាមរំខានដល់ការត្រៀមខ្លួនរបស់ក្រុមជម្រើសជាតិអង់គ្លេស មុនការប្រកួតវគ្គ 16 ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup 2026។
ក្រុមតោកំណាចទាំងបី (អង់គ្លេស) កំពុងត្រៀមជួបម្ចាស់ផ្ទះរួម ម៉ិកស៊ិក ក្នុងការប្រកួតដ៏សំខាន់មួយ បន្ទាប់ពីពួកគេបានវាយបកយកឈ្នះ កុងហ្គោ (DR Congo)។
ផែនការរក្សាទីតាំងស្នាក់នៅរបស់ក្រុមអង់គ្លេសត្រូវបានបរាជ័យ បន្ទាប់ពីព័ត៌មានអំពីសណ្ឋាគារ JW Marriott Santa Fe ត្រូវបានលេចធ្លាយ។
វីដេអូជាច្រើនបានបង្ហាញថា អ្នកគាំទ្រម៉ិកស៊ិកបានព្យាយាមធ្វើឱ្យកីឡាករអង់គ្លេសមិនអាចគេងបាន ដោយបាញ់កាំជ្រួច លេងតន្ត្រី និងបង្កសំឡេងរំខានពេញមួយយប់។
ទោះជាយ៉ាងណា កម្លាំងប៉ូលិសប្រដាប់អាវុធបានឡោមព័ទ្ធសណ្ឋាគារយ៉ាងតឹងរ៉ឹង ដោយបង្ខំឱ្យអ្នកគាំទ្រទាំងនោះទៅប្រមូលផ្តុំលើស្ពានមួយដែលស្ថិតនៅមិនឆ្ងាយពីសណ្ឋាគារ។
ក្រុមសន្តិសុខរបស់អង់គ្លេសបានបញ្ជាក់ថា ការប៉ុនប៉ងរំខានទាំងនេះ មិនបានប៉ះពាល់ខ្លាំងដល់ការសម្រាករបស់កីឡាករឡើយ។
ការបិទផ្លូវនៅជុំវិញសណ្ឋាគារក៏បានធ្វើឱ្យការចូលទៅជិតទីតាំងកាន់តែពិបាក។ នៅពាក់កណ្តាលអធ្រាត្រ មានអ្នកសារព័ត៌មាន និងប៉ូលិសច្រើនជាងអ្នកគាំទ្រម៉ិកស៊ិកទៅទៀត។
ច្រកចូលដែលអាចដើរចូលបានទាំងអស់ត្រូវបានបិទ ខណៈប៉ូលិសប្រដាប់ដោយខែលបង្ក្រាបបាតុកម្ម និងរថយន្តប៉ូលិសឈរយាមជុំវិញ។ សណ្ឋាគារក៏មានសន្តិសុខផ្ទាល់ខ្លួន និងរបងដែកការពារយ៉ាងរឹងមាំផងដែរ។
ប៉ុន្តែនៅម៉ោងជិតភ្លឺ អ្នកគាំទ្រម៉ិកស៊ិកកាន់តែច្រើនបានមកដល់ ដោយព្យាយាមផ្តល់អត្ថប្រយោជន៍ដល់ក្រុមរបស់ពួកគេ មុនជំនួបជាមួយអង់គ្លេសនៅកីឡដ្ឋាន Estadio Azteca។
អ្នកគាំទ្រមួយចំនួនបានប្រើមេក្រូហ្វូន ស្គរ និងឧបករណ៍ភ្លេងផ្សេងៗ ខណៈអ្នកបើករថយន្តជាច្រើនបានបន្លឺស៊ីផ្លេ និងបាញ់កាំជ្រួចឡើងលើមេឃ ដើម្បីបង្កសំឡេងឱ្យបានខ្លាំងបំផុត។
សកម្មភាពនេះកើតឡើង បន្ទាប់ពី អេក្វាឌ័រ បានដាក់ពាក្យបណ្តឹងជាផ្លូវការ ដោយចោទថា អ្នកគាំទ្រម៉ិកស៊ិកបានរំខានពួកគេមិនឱ្យគេង មុនការប្រកួតវគ្គ 32 ក្រុមចុងក្រោយ។
ទោះជាយ៉ាងណា មូលហេតុនៃការរំខាននេះ មិនមែនសុទ្ធតែដោយសារបាល់ទាត់នោះទេ។ នៅឆ្នាំ 2024 ម៉ិកស៊ិក និងអេក្វាឌ័របានផ្តាច់ទំនាក់ទំនងការទូត បន្ទាប់ពីប៉ូលិសអេក្វាឌ័របានចូលស្ថានទូតម៉ិកស៊ិកនៅទីក្រុង Quito ដើម្បីចាប់ខ្លួនអតីតអនុប្រធានាធិបតី Jorge Glas។
ខ្លះទៀតក៏បានអះអាងថា វាជាការសងសឹកចំពោះព្រឹត្តិការណ៍ស្រដៀងគ្នាដែលបានកើតឡើងមុនការប្រកួត Copa América ឆ្នាំ 1993 នៅទីក្រុង Quito ផងដែរ។
អ្នកគាំទ្រម៉ិកស៊ិកម្នាក់ដែលបានបង្កសំឡេងរំខាន បានប្រាប់ The Sun ថា គាត់គ្រាន់តែចង់ជួបវីរបុរសរបស់ខ្លួន គឺ Harry Kane ប៉ុណ្ណោះ។ ខណៈអ្នកគាំទ្រម្នាក់ទៀតបាននិយាយបែបលេងសើចថា៖ “នេះគឺជាបទចម្រៀងបំពេររបស់ម៉ិកស៊ិក សម្រាប់ Harry Kane និងមិត្តរួមក្រុមរបស់គាត់!”










