លោក Javier Aguirre បានបង្ហាញការជឿជាក់ថា លោក Rafa Marquez មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំក្រុមជម្រើសជាតិម៉ិកស៊ិកឆ្ពោះទៅអនាគត បន្ទាប់ពីដំណើររបស់ម្ចាស់ផ្ទះរួមក្នុង FIFA World Cup 2026 ត្រូវបញ្ចប់ក្រោយចាញ់អង់គ្លេស ៣-២ កាលពីថ្ងៃអាទិត្យ ដែលក៏ជាការបញ្ចប់អាណត្តិទី៣របស់លោក Aguirre ជាគ្រូបង្វឹកផងដែរ។
លោក Aguirre ដែលបានប្រកាសជាមុនរួចហើយថានឹងចាកចេញក្រោយការប្រកួតនេះ បាននិយាយថា អតីតប្រធានក្រុមជម្រើសជាតិ Rafa Marquez បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តគម្រោងអភិវឌ្ឍក្រុមមួយនេះ បន្ទាប់ពីម៉ិកស៊ិកបានបង្កើតទំនុកចិត្តឡើងវិញ និងឈានដល់ជម្រៅបំផុតក្នុង World Cup រយៈពេល ៤០ ឆ្នាំចុងក្រោយ។
អង់គ្លេសបានកក់កៅអីទៅវគ្គ ៨ ក្រុមចុងក្រោយ បន្ទាប់ពីអាចទប់ទល់ការវាយបកយ៉ាងខ្លាំងរបស់ម៉ិកស៊ិកនៅកីឡដ្ឋាន Azteca Stadium ទោះបីម្ចាស់ផ្ទះបានប្រយុទ្ធយ៉ាងអង់អាចក៏ដោយ។
លោក Aguirre បាននិយាយថា៖
«ខ្ញុំចង់លាជាមួយប្រជាជនរបស់ខ្ញុំដោយជ័យជម្នះ។ វាពិតជាឈឺចាប់ណាស់។ យើងបានព្យាយាមអស់ពីសមត្ថភាពហើយ»។
ក្នុងការប្រកួតនោះ Jude Bellingham រកបានពីរគ្រាប់យ៉ាងរហ័សឱ្យអង់គ្លេសនាំមុខ មុន Julian Quinones តាមបានមួយគ្រាប់ឱ្យម៉ិកស៊ិក។ បន្ទាប់មក Harry Kane ស៊ុតបាល់ពិន័យ ១១ ម៉ែត្រ បន្ថែមគ្រាប់ទី៣ ទោះអង់គ្លេសសល់គ្នាត្រឹម ១០ នាក់ក៏ដោយ ខណៈ Raul Jimenez ស៊ុតបាល់ពិន័យមួយគ្រាប់នៅចុងម៉ោង ប៉ុន្តែមិនអាចជួយសង្គ្រោះម៉ិកស៊ិកពីការធ្លាក់ចេញបានឡើយ។
Aguirre បានលើកទឹកចិត្តកូនក្រុមថា៖
«កីឡាករទាំងអស់គួរតែដើរចេញពីទីលានដោយក្បាលងើបខ្ពស់។ ថ្ងៃនេះយើងមិនអាចធ្វើបានទេ។ យើងមិនអាចទាញយកឱកាសបាន ប៉ុន្តែខ្ញុំសូមអរគុណពួកគេទាំងអស់»។
ការប្រកួតត្រូវបានពន្យារពេល ១ ម៉ោង ដោយសារអាកាសធាតុមិនល្អនៅជុំវិញកីឡដ្ឋាន Azteca ហើយមានអ្នកគាំទ្រម៉ិកស៊ិកយ៉ាងច្រើនកុះករ ដែលលោក Aguirre ធ្លាប់ហៅថា «កីឡាករទី១២» របស់ក្រុម។
នៅចុងម៉ោង អ្នកគាំទ្របានស្រែកលើកទឹកចិត្ត «Yes we can» ខណៈម៉ិកស៊ិកព្យាយាមតាមស្មើ ប៉ុន្តែអង់គ្លេសអាចរក្សាជ័យជម្នះបាន និងឡើងទៅជួប ន័រវេស នៅវគ្គ ៨ ក្រុមចុងក្រោយ ក្នុងទីក្រុង Miami នៅថ្ងៃសៅរ៍។
ទោះបីធ្លាក់ចេញក៏ដោយ Aguirre បាននិយាយថា លោកចាកចេញដោយមោទនភាព ព្រោះក្រុមបានបង្ហាញសាមគ្គីភាព និងបានភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រឡើងវិញ។
«ខ្ញុំចាកចេញដោយមោទនភាពយ៉ាងខ្លាំង។ កីឡាករទាំងនេះបានធ្វើឱ្យខ្ញុំសប្បាយចិត្តណាស់។ យើងបានស្ដារឡើងវិញនូវអារម្មណ៍ជាកម្មសិទ្ធិ និងអត្តសញ្ញាណរបស់ក្រុមនេះ»។
អតីតប្រធានក្រុមជម្រើសជាតិម៉ិកស៊ិក Rafa Marquez ដែលធ្លាប់ចូលរួម World Cup ៥ លើក និងបានធ្វើការជាជំនួយការរបស់ Aguirre ក្នុងការប្រកួតនេះ ត្រូវបានគេរំពឹងថានឹងឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី។
Aguirre បានផ្ញើសារជូនពរថា៖ «ខ្ញុំសូមជូនពរឱ្យគាត់ជោគជ័យ។ គាត់មានសមត្ថភាពគ្រប់គ្រាន់ ហើយខ្ញុំជឿថា គាត់នឹងធ្វើបានល្អជាងខ្ញុំទៅទៀត»៕










