សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំពិព័រណ៍អប់រំនៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៩ (BICC-ប៊ី អាយ ស៊ី ស៊ី) និងវេទិកាស្រាវជ្រាវ លើកទី៣ឆ្នាំ២០២៦ ជាមួយសាកលវិទ្យាល័យដៃគូចំនួន ៤០ មកពី ១៧ប្រទេសជុំវិញពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃទី៦-៧ ខែកក្កដា ឆ្នាំ២០២៦ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៩ ឆ្នាំ២០២៦-The 9th BICC-Education Fair 2026 លើប្រធានបទ “ឱកាសអាហារូបករណ៍ និងការរៀបចំ ជីវិតសិក្សានៅក្រៅប្រទេស-The Scholarship Opportunities and Preparation for Overseas Study Life” និងវេទិកាស្រាវជ្រាវ លើកទី៣-The 3rdResearch Forum   លើប្រធានបទ “ការប្រើប្រាស់ឌីជីថលក្នុងការអប់រំ – Digital Transformation in Education” ក្រោមអធិប តី ភាព  ឯក ឧត្តមបណ្ឌិត  លី ឆេង តំ ណាង រាស្ដ្រ មណ្ឌល រាជ ធានីភ្នំ ពេញ ស្ថាបនិក -អគ្គ នា យក  ប៊ែលធី  គ្រុប  និង ជា ប្រ ធាន ក្រុម ប្រឹក្សា ភិ បាលសាកល វិទ្យា ល័យ  ប៊ែលធី អន្តរ ជាតិ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័ន និងសាកលវិទ្យាល័យដៃគូចំនួន៤០ មកពី១៧ប្រទេសជុំវិញពិភពលោក (កម្ពុជា អូស្ត្រាលី កាណាដា ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី ស្វីសអាម៉េរិក អង់គ្លេស នូវែលសេឡង់ ប៉ូឡូញ កូរ៉េខាងត្បូង វៀតណាម ចិន ហ្វីលីពីន ភូមានិងឥណ្ឌូនេស៊ី) ព្រមទាំងសិស្ស-និស្សិត ប៊ែលធី និងអ្នកអាណាព្យាបាល សរុបជាង ៥,០០០នាក់។
ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បាន មានប្រ សាសន៍ ថា ពិព័រណ៍អប់រំ និងវេទិកាស្រាវជ្រាវ ត្រូវបានបង្កើតឡើងក្នុងគោល បំ ណងពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចការស្រាវជ្រាវ ជាមួយសាកលវិទ្យាល័យដៃគូនៅ ក្រៅប្រទេសដែលបានចុះអនុស្សារណៈយោគយល់គ្នា (MoU) ដើម្បី រួមចំណែកលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជា ដែលផ្តោតលើចំណុចសំខាន់ៗរួមមាន៖
-ផ្សព្វផ្សាយអំពីវប្បធម៌ ការរីកចម្រើនលើវិស័យអប់រំ និងសេដ្ឋកិច្ច ក៏ដូចជាវិស័យផ្សេងៗរបស់កម្ពុជាទៅកាន់ពិភពលោក
-បង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយគ្រឹះស្ថានអប់រំឯកជន និងសាធារណៈទាំងក្នុងប្រទេស និងក្រៅប្រទេស
-ផ្សព្វផ្សាយពីគ្រឹះស្ថានដៃគូល្បីៗនៅតាមប្រទេសនានាជូនដល់សិស្ស-និស្សិតកម្ពុជា ជាពិសេសសិស្ស-និស្សិតប៊ែលធី
-បង្កើតវេទិកាទំនាក់ទំនងសម្រាប់គ្រឹះស្ថានទាំងអស់ដែលបានចូលរួម ដើម្បីជំរុញ និងបង្កើនចំនួនសិស្ស-និស្សិតកម្ពុជាទៅសិក្សានៅក្រៅប្រទេសឱ្យបានកាន់តែច្រើន
– ផ្សព្វផ្សាយពីឱកាសទទួលបានអាហារូបករណ៍ជូនដល់សិស្ស-និស្សិតប៊ែលធី ក៏ដូចជាសិស្ស-និស្សិតទូទាំងប្រទេសទៅបន្តការសិក្សានៅបរទេស
– ផ្លាស់ប្តូរគំនិត របកគំហើញ ការយល់ដឹងក្នុងចំណោមអ្នកស្រាវជ្រាវ និងជាវេទិកាសម្រាប់អ្នកសិក្សាស្រាវជ្រាវ ធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ និងស្នាដៃស្រាវជ្រាវពីវាគ្មិនជាតិ-អន្តរជាតិ ដើម្បីការកម្ពស់កិច្ចការស្រាវជ្រាវ។
-ចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ។
ឯកឧត្តមសាកលវិទ្យាធិការ បានជម្រាបផងដែរថា ដោយមានកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យ MONASH ប្រទេសអូស្ត្រាលី នាដើមខែតុលា ឆ្នាំ២០២៦នេះ សាកលវិទ្យាល័យ នឹង ចាប់ផ្តើមបើកថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (Foundation Year) នៅស្នាក់ការកណ្តាល ប៊ែលធី គ្រុប (ជាន់ទី៥) ដោយនិស្សិតសិក្សា១ឆ្នាំនៅ MONASH–BELTEI IU Cambodia និងអាចបន្តសិក្សា៣ឆ្នាំទៀត នៅសាកលវិទ្យាល័យ MONASH ប្រទេសអូស្ត្រាលី។
លោកសាស្ត្រាចារ្យបណ្ឌិត យាន ស៊ូហុង ប្រធានការិយាល័យសិក្សា នៃសាកលវិទ្យាល័យ Information Technology and Management មកពីប្រទេសប៉ូឡូញ តំណាងប្រតិភូមកពីក្រៅប្រទេស បានបង្ហាញក្តីរីករាយ និងសម្តែងនូវការកោតសរសើរចំពោះការរៀបចំសន្និសីទអន្តរជាតិមួយនេះ ដោយបានលើកឡើងថា BICC គឺជាវេទិកាមួយដែលផ្តល់ឱកាសឱ្យសាកលវិទ្យាល័យរបស់លោក ក៏ដូចជា សាកលវិទ្យាល័យនានាមកពីជុំវិញពិភពលោក បានជួបផ្ទាល់ជាមួយសិស្ស-និស្សិតកម្ពុជា ដើម្បីចែករំលែកព័ត៌មានសិក្សា និងឱកាសទទួលបានអាហារូបករណ៍ផ្សេងៗ ជាពិសេសបានស្គាល់អំពីវប្បធម៌ អរិយធម៌ខ្មែរ និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា។
យោងតាមចំណាប់អារម្មណ៍របស់និស្សិត កង ស៊ុនហួរ អតីតសិស្ស នៃសាលាប៊ែលធី អន្តរជាតិ បានឱ្យដឹងថា តាមរយៈការចូលរួមពិព័រណ៍អប់រំ BICC នេះ គាត់ទទួលបានអាហារូបករណ៍ឧកញ៉ាលី ឆេង ទៅសិក្សានៅវិទ្យាស្ថាន East Asia Institute of Management នៃប្រទេសសិង្ហបុរី ផងដែរ។

ក្នុងឱកាសនោះ ឯក ត្តម បណ្ឌិត លី  ឆេង បានជម្រាបជូនអង្គសន្និសីទអំពី សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា រួមទាំងវិស័យអប់រំ និងសេដ្ឋកិច្ច ជាពិសេសភាពលេចធ្លោនៃកិត្តិនាមនៅលើឆាកអន្តរជាតិរបស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាច្រើនរូបទៀត ដែលកំពុងបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅសម្រេចទស្សនវិស័យអភិវឌ្ឍន៍កម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯក ត្តម បណ្ឌិត បានសង្កត់ធ្ងន់អំពីតម្លៃសន្តិភាព ជាពិសេសការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសជិតខាង គឺដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា បន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយការប្រើកម្លាំងនោះឡើយ។
ឯក ត្តម បណ្ឌិត ក៏បានថ្លែងអំណរគុណគ្រឹះស្ថានសិក្សាទាំង៤០ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមសន្និសីទ ដ៏មានសារៈសំខាន់នេះ និងបានធ្វើបទបង្ហាញចែករំលែកព័ត៌មានសិក្សារបស់សាកលវិទ្យាល័យខ្លួន ជូនដល់សិស្ស-និស្សិតកម្ពុជា។
ឯកឧត្តមបណ្ឌិត បានបន្ថែមថា សន្និសីទ BICC នឹងរួមចំណែកយ៉ាងធំធេងក្នុងការបង្កើនមូលធនមនុស្សប្រកបដោយសមត្ថភាពនៅកម្ពុជា ក្នុងសម័យឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានកំណត់វិស័យអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
ជាទីបញ្ចប់ ឯក ត្តម បណ្ឌិត ក៏ បាន លើកទឹកចិត្តដល់សាកលវិទ្យាល័យដៃគូទាំងអស់ឱ្យបន្តចូលរួមសន្និសីទ BICC លើកទី១០ និងវេទិកាស្រាវជ្រាវ លើកទី៤ឆ្នាំ២០២៧ ដើម្បីរួមគ្នាពង្រឹងគុណភាពអប់រំទាំងថ្នាក់ជាតិ-អន្តរជាតិ ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាឱ្យបានកាន់តែប្រសើរបន្ថែមទៀត៕
ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print