សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យបង្កើនកិច្ចសហប្រ តិបត្តិការតាមព្រំដែនជាមួយប្រទេសវៀតណាមនិងឡាវដើម្បីជំរុញសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងបី

ចែករំលែក៖

ខេត្តរតនគិរី ៖ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តរតនគិរី នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងខេត្តរតនគិរីសាជាថ្មីដោយសម្តេចបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងក្រុមការងារមូលដ្ឋានខេត្ត ដែលបានខិតខំក្នុងកិច្ចការងារកន្លងមក។

 

ក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខេត្តនៅតំបន់ភូមិភាគឦសាននេះនឹងក្លាយទៅជាប៉ូលសេដ្ឋកិច្ចទី៤ដ៏សំខាន់របស់កម្ពុជា ដែលផ្ដោតសំខាន់ទៅលើវិស័យកសិឧស្សាហកម្មនិងធនធានរ៉ែ ដែលប៉ូលសេដ្ឋកិច្ចទី៤ នេះនឹងរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងសម្រេចតាមចក្ខុវិស័យរបស់កម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

 

សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិនិងប្រជាជនឱ្យបានល្អប្រសើរជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការនិងសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័សនិងមានប្រសិទ្ធភាពហើយសម្តេចក៏បានជំរុញនិងគាំទ្រចំពោះការពង្រឹងប្រសិទ្ធភាពនៃការប្រមូលពន្ធដារនិងពន្ធគយរួមទាំងវិធានការតឹងរ៉ឹងក្នុងការទប់ស្កាត់អំពើរត់គេចពន្ធឬការរកស៊ីមិនបង់ពន្ធដើម្បីបង្កើនចំណូលថវិកាជាតិ។

 

ក្នុងពិធីនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានរំឭកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិនិងយក ចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀននិងបទល្មើសបច្ចេកវិទ្យា។

 

មិនខុសពីលើកមុនៗដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជននិងនិវត្តជនពីព្រោះពួកគាត់ជាអ្នកដែលធ្លាប់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះត្រូវយកចិត្តទុកដាក់ដល់ពួកគាត់តាមរយៈការចុះសួរសុខទុក្ខនិងការរៀបចំកម្មវិធីផ្សេងសម្រាប់ពួកគាត់ដើម្បីកុំឱ្យពួកគាត់មានភាពឯកោហើយសម្ដេចក៏បានក្រើនរំលឹកនិងណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងស្ថាប័នពាក់ព័ន្ធឱ្យបន្តយក ចិត្តទុកដាក់ខ្ពស់លើសុខទុក្ខនិងជីវភាពរស់នៅរបស់យុទ្ធជនពលី យុទ្ធជនពិការ និងក្រុមគ្រួសារដោយសម្ដេចបានបញ្ជាក់ថា ការគ្រប់គ្រងនិងជួយមើលថែបងប្អូនអតីតយុទ្ធជនត្រូវមើលឱ្យជ្រៅដោយត្រូវជំរុញកូនចៅរបស់ពួកគេឱ្យទទួលបានការអប់រំខ្ពស់ក្លាយជាបញ្ញវន្ត ដើម្បីតបស្នងនូវគុណបំណាច់ដ៏ធំធេងរបស់ពួកគេចំពោះជាតិមាតុភូមិ។

 

សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័សនិងមានប្រសិទ្ធភាពជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេហើយសម្តេចតេជោក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា។

 

សម្ដេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់លើការងារមូលដ្ឋានមិនត្រូវឱ្យមានភាពថ្នាំងថ្នាក់ដល់ទឹកចិត្តប្រជាពលរដ្ឋនិងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេហើយ សម្ដេចតេជោក៏បានណែនាំឱ្យអាជ្ញាធរខេត្តរតនគិរីត្រូវបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែនជាមួយប្រទេសវៀតណាមនិងឡាវដែលជាប់នឹងព្រំដែនកម្ពុជា ធ្វើឱ្យព្រំដែននៃប្រទេសទាំងបីនៅតែជាព្រំដែនសន្តិភាព និងសហប្រតិបត្តិការ ជាពិសេសដើម្បីជំរុញសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងបីកាន់តែល្អប្រសើរ៕

...

ប្រភព ៖ (កូនខ្មែរ)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print