(ខេត្តសៀមរាប)៖ តាមកម្មវិធីដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ គណៈប្រតិភូជាន់ខ្ពស់កងទ័ពម៉ាឡេស៊ី ដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានអញ្ជើញមកដល់ខេត្តសៀមរាប ដើម្បីចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ កក្កដា គណៈប្រតិភូកងទ័ពម៉ាឡេស៊ី មានគោលបំណងសំខាន់ចំនួន៣ រួមមាន៖
ទី១ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា និងទំនាក់ទំនងមិត្តភាពរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពម៉ាឡេស៊ី ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។
ទី២ ជាការបង្ហាញខ្លួនជាផ្លូវការ បន្ទាប់ពីឯកឧត្តមទើបត្រូវបានតែងតាំងជាអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីថ្មី។
និងទី៣ អញ្ជើញសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងម៉ាឡេស៊ី ដែលកំពុងបំពេញបេសកកម្មជាអ្នកសង្កេតការណ៍អាស៊ាន។
ដំណើរទស្សនកិច្ចនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់៕










