គ្រូបង្វឹកបារាំងជម្រុញកូនក្រុមប្រយុទ្ធឲ្យមានប្រសិទ្ធភាពជាងមុនពេលលេងតទល់នឹងម៉ារ៉ុក

ចែករំលែក៖

បារាំងរកបានគ្រាប់បាល់រហូតដល់ទៅ ១៤ គ្រាប់ ដែលជាចំនួនច្រើនជាងគេបំផុតនៅក្នុងព្រឹត្តិការណ៍ World Cup គិតមកទល់ពេលនេះ ប៉ុន្តែគ្រូបង្វឹកលោក Didier Deschamps កាលពីថ្ងៃពុធបានជម្រុញឱ្យក្រុមកីឡាកររបស់លោកបង្កើតប្រសិទ្ធភាពក្នុងការវាយប្រហារឱ្យកាន់តែខ្លាំងជាងមុនថែមទៀត នៅពេលដែលពួកគេត្រូវប្រឈមមុខនឹងម៉ារ៉ុក ក្នុងវគ្គ ៨ ក្រុមចុងក្រោយនៅថ្ងៃព្រហស្បតិ៍នេះ។

ជំនួបនេះគឺជាការប្រកួតសងសឹកគ្នាម្តងទៀតនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០២២ ដែលកាលនោះបារាំងបានបញ្ចប់ដំណើរផ្សងព្រេងប្រវត្តិសាស្ត្ររបស់ម៉ារ៉ុកនៅក្នុងប្រទេសកាតា ប៉ុន្តែលើកនេះក្រុមមកពីអាហ្វ្រិកខាងជើងមួយនេះ លែងជាក្រុមក្រៅក្រសែភ្នែកដែលបង្កការភ្ញាក់ផ្អើលទៀតហើយ ពោលគឺពួកគេជាក្រុមដែលពោរពេញដោយទំនុកចិត្ត និងកំពុងមានគោលដៅដណ្តើមពានរង្វាន់ជើងឯកតែម្តង។

លោក Deschamps បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា៖ «យើងត្រូវតែមានប្រសិទ្ធភាព បើនិយាយពីទម្រង់លេងប្រយុទ្ធ។ នៅគ្រប់តំបន់ទាំងអស់ ក្រុមទាំងពីរទាត់សុទ្ធតែមានចំណុចខ្លាំងរៀងៗខ្លួន»។ «យើងមានប្រសិទ្ធភាពហើយ ប៉ុន្តែយើងអាចធ្វើបានល្អជាងនេះទៅទៀតនៅលើសមរភូមិមុខ។ ជួនកាលអ្នកមានឱកាស ៦ ដង ហើយរកបាន ២ គ្រាប់ ហើយជួនកាលទៀតអ្នកមានឱកាសតែ ២ ដង ប៉ុន្តែរកបាន ២ គ្រាប់។ អ្វីដែលសំខាន់បំផុតនោះគឺត្រូវមានប្រសិទ្ធភាពខ្ពស់ក្នុងការបញ្ចប់ទី»។

បារាំងបានឆ្លងផុតវគ្គ ១៦ ក្រុមចុងក្រោយទាំងប្រផិតប្រផើយក្រោមថ្វីជើងប៉ារ៉ាហ្គាយ ក្នុងលទ្ធផល ១-០ ដោយសារគ្រាប់បាល់ប៉េណាល់ទីរបស់កីឡាករ Kylian Mbappe។ ប្រធានក្រុមបារាំងរូបនេះ រកបាន ៧ គ្រាប់ហើយនៅក្នុងការប្រកួតរួម ជើងឯកដែលស្ថិតនៅចំណាត់ថ្នាក់លេខពីរ បន្ទាប់ពីកីឡាករ Lionel Messi របស់អាហ្សង់ទីន ដែលរកបាន ៨ គ្រាប់។

កីឡាករ Mbappe, Ousmane Dembele, Michael Olise និង Bradley Barcola បានធ្វើឱ្យបារាំងក្លាយជាក្រុមដែលមានតំបន់ប្រយុទ្ធដ៏គួរឱ្យភ័យខ្លាចបំផុតមួយនៅក្នុងព្រឹត្តិការណ៍ World Cup នេះ។

ចំណែកឯម៉ារ៉ុកវិញ បានឆ្លងផុតវគ្គចែកពូលយ៉ាងងាយស្រួល មុនពេលទម្លាក់ហូឡង់ និងប្រទេសម្ចាស់ផ្ទះរួមកាណាដា ហើយបានបញ្ជាក់ពីឋានៈរបស់ខ្លួនជាបេក្ខភាពដណ្តើមពានរង្វាន់ដ៏ពិតប្រាកដម្នាក់។

លោក Deschamps បាននិយាយថា៖ «ទម្រង់លេងរបស់ម៉ារ៉ុក មិនដូចប៉ារ៉ាហ្គាយនោះទេ។ យើងធ្លាប់បានជួបពួកគេកាលពី ៤ ឆ្នាំមុនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ពួកគេបានលេងដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFCON (Africa Cup of Nations)។ ពួកគេមានបុគ្គលឆ្នើមៗជាច្រើន។ ពួកគេមិនមែនមកទីនេះដើម្បីគ្រាន់តែលេងនោះទេ គឺពួកគេមកដើម្បីឈ្នះ។ យើងត្រូវតែត្រៀមខ្លួនឱ្យរួចរាល់ រួមទាំងបង្ហាញទម្រង់លេង និងផ្តល់លទ្ធផលឱ្យបានល្អក្នុងការតទល់នឹងក្រុមដ៏ខ្លាំងមួយនេះ»។

លោក Deschamps នឹងត្រូវរង់ចាំមើលថាតើខ្សែបម្រើ Aurelien Tchouameni ដែលកំពុងមានបញ្ហារបួសសាច់ដុំ នឹងអាចមានកាយសម្បទាគ្រប់គ្រាន់ទាន់ពេលវេលាសម្រាប់ការប្រកួតនេះដែរឬទេ។

លោក Deschamps បាននិយាយថា៖ «គេមានអារម្មណ៍ធូរស្រាលជាងមុនហើយ ប៉ុន្តែខ្ញុំបានចាកចេញពីសណ្ឋាគារតាំងពីព្រលឹមមកម្ល៉េះនៅព្រឹកនេះ ដូច្នេះខ្ញុំមិនអាចនិយាយអ្វីបានច្រើនជាងនេះទេ។ គេអាចនឹងចូលរួមក្នុងការហ្វឹកហាត់នៅថ្ងៃនេះ។ ចំណែកឯកីឡាករដទៃទៀត ពួកគេទាំងអស់សុទ្ធតែអាចចូលលេងបាន»។

ចំពោះការតវ៉ារបស់បារាំង ដែលសុំឱ្យលុបចោលកាតលឿងរបស់កីឡាករ Michael Olise ក្នុងការប្រកួតទល់នឹងប៉ារ៉ាហ្គាយនោះ លោក Deschamps បាននិយាយថា ស្ថាប័ន FIFA បានជូនដំណឹងមកពួកគេថា ការពិន័យនោះគឺនៅដដែល។

...

ការសម្រេចចិត្តនេះ បានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីមានការចម្រូងចម្រាសយ៉ាងខ្លាំង ជុំវិញការសម្រេចចិត្តរបស់ FIFA ក្នុងការផ្អាកទណ្ឌកម្មហាមឃាត់ការប្រកួត បន្ទាប់ពីកាតក្រហមត្រូវបានផ្តល់ទៅឱ្យកីឡាករសហរដ្ឋអាមេរិក Folarin Balogun ដែលការសម្រេចចិត្តនោះកើតឡើងក្រោយមានការជ្រៀតជ្រែកពីសំណាក់ប្រធានាធិបតីលោក Donald Trump៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print