សម្តេចតេជោ ហ៊ុន សែន ណែនាំអភិបាលខេត្តស្ទឹងត្រែង និងក្រចេះ រករបរថ្មីជូនប្រជាពលរដ្ឋបាត់បង់របរនេសាទ ក្រោមវិធានការការពារផ្សោត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំអង្គភា មន្ទីរនានាក្នុងខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំអភិបាលខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យខិតខំរកមុខរបរថ្មីជូនប្រជាពលរដ្ឋដែលបាត់បង់របរនេសាទក្រោមវិធានការការពារសត្វផ្សោតត្រូវបានចាត់ទុកជារតនសម្បត្តិសម្រាប់កម្ពុជា។

 

សត្វផ្សោតជាប្រភេទសត្វកម្រ និងប្រឈមការផុតពូជ។ បច្ចុប្បន្ននេះ របាយការណ៍បញ្ជាក់ថា សត្វផ្សោតមានតែនៅទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តស្ទឹងត្រែងប៉ុណ្ណោះ។

មុនឆ្នាំ២០២៣ សត្វផ្សោតនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បានប្រឈមជោគវាសនាមិនប្រាកដប្រជា ព្រោះអត្រាស្លាប់ខ្ពស់ ហើយការកើតមានអត្រាទាប។ ក្នុងពេលអញ្ជើញបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ទន្លេមេគង្គខេត្តក្រចេះ ក្នុងខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីកាលពីពេលនោះ បានប្រកាសអាសន្នពីជោគវាសនារបស់សត្វផ្សោត និងបានជំរុញអាជ្ញាធរពាក់ព័ន្ធដាក់ចេញវិធានការនានា ដើម្បីការពារសត្វផ្សោត។

ក្រោយការប្រកាសអាសន្ននោះ វិធានការជាច្រើនត្រូវបានដាក់ចេញ ជាពិសេសការបង្ក្រាបបទល្មើសនេសាទ។ ស្ថានភាពសត្វផ្សោតបានប្រែមកភាពល្អប្រសើរ ពោលការស្លាប់មានចំនួនតិច ហើយកើតមានចំនួនច្រើន។ ក្នុងនោះឆ្នាំ២០២៥កន្លងទៅ គឺមិនមានផ្សោតស្លាប់នោះឡើយ។

 

របាយការណ៍បានបង្ហាញថា មុនពេលសម្តេចតេជោ ប្រកាសអាសន្ន ផ្សោតនៅទន្លេមេគង្គមានចំនួនត្រឹមតែ៩៦ក្បាលប៉ុណ្ណោះ តែបច្ចុប្បន្នមានចំនួនរហូតដល់ ១១៧ក្បាល។ ចំនួននេះ កើនឡើងចំនួន ២១ក្បាល។

...

ទន្ទឹមនឹងវិធានការទប់ស្កាត់ការនេសាទ ដើម្បីការពារជីវិតសត្វផ្សោតនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំអភិបាលខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យយកចិត្តទុកដាក់រករបរថ្មីជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីវិធានការការពារសត្វផ្សោតទាំងនេះ ដើម្បីពួកគាត់អាចរកចំណូលទ្រទ្រង់ជីវភាព៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print