ភ្នំពេញ ៖ បុរស២នាក់នាំគ្នាមកស្នាក់នៅក្រោមស្ពានអាកាសផ្សារដីហុយ សង្ស័យឈ្លោះគ្នារឿងលេងបៀរ រហូតកើតជាហិង្សាយកដំបងវាយគ្នា បណ្តាលឲ្យស្លាប់ម្នាក់ ចំណែកម្នាក់ជាជនដៃដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅក្រោមស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ជនរងគ្រោះ និងជនសង្ស័យ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គេសង្កេតឃើញពួកគេស្នាក់នៅក្រោមស្ពានអាកាសផ្សារដីហុយ សង្ស័យជាជនអនាថា ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនសង្ស័យនិងជនរងគ្រោះ មិនមានសាច់ញាតិ និងផ្ទះសំបែងនោះទេ ពួកគេបាននាំគ្នាមកស្នាក់នៅក្រោមស្ពានអាកាសផ្សារដីហុយជាកន្លែងកើតហេតុធ្វើជាទីជម្រក ។ លុះមកដល់ថ្ងៃកើតហេតុ គេបានឃើញពួកគេទាំងពីរនាក់ កំពុងតែអង្គុយលេងបៀរ តែ២នាក់ ខណៈពេលលេងមិនដឹងថាមានទំនាស់រឿងអ្វីនោះទេ ស្រាប់តែបុរសជនដៃដល់បានយកដំបងឈើ ដេញវាយជនរងគ្រោះចំនួន៣ដំបងចំក្បាល បណ្តាលឲ្យបែកក្បាលហូរឈាមស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ ក៍បានឃាត់ខ្លួន ជនដៃដល់យកទៅអោយផ្នែកជំនាញសួរនាំនិងអនុវត្តនីតិវិធី ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញកោសល្យវិច័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យសពជនរងគ្រោះរួចហើយ ក៏បានយកទៅរក្សាទុកនៅវត្ត រង់ចាំស្រាវជ្រាវស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ សុរិយា










