ខេត្តស្ទឹងត្រែង៖ លោក ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវឧកញ៉ា សាយ សោភា ព្រមទាំងកូនៗ ឧបត្ថម្ភថវិកាសាងសង់ផ្ទះ ៥០ ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន ដែលមានជីវភាពខ្វះខាតគ្មានផ្ទះស្នាក់នៅសមរម្យ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។
ចំពោះការឧបត្ថម្ភថវិកាសាងសង់ផ្ទះ ៥០ ខ្នងនេះ នាឱកាសនោះលោកបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំអង្គភា មន្ទីរនានាក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។
បើតាមការបញ្ជាក់របស់លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅលើហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលបានស្ថាបនារួចរាល់ជាប្រយោជន៍ជូនប្រជាពលរដ្ឋភៀសសឹក មិនថា ផ្លូវ ទឹក អគ្គិសនី មណ្ឌលសុខភាព សាលារៀនបណ្តោះអាសន្ន និងផ្សារបណ្តោះអាសន្ន។
ដោយឡែកបច្ចុប្បន្ននេះសង្កេតឃើញថា មានមហាជន និង សប្បុរសជនគ្រប់ទិសទី បានបន្តរួមចំណែកចូលរួមជួយជាអំណោយផ្តល់ជូនប្រជាពលរដ្ឋភៀសសឹក ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ និងក្រោមស្មារតីផ្សារភ្ជាប់រវាងសមរភូមិមុខ និង សមរភូមិក្រោយ។
លើសពីនេះ លោកទេសរដ្ឋមន្ត្រី ក៏បានសំណូមពរដល់ប្រជាពលរដ្ឋភៀសសឹក បន្តជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការបន្តដោះស្រាយការលំបាកទាំងឡាយជូនប្រជាពលរដ្ឋ និងបន្តទាមទារការបាត់បង់ និងការខូចខាតទាំងអស់ ក្នុងជម្លោះព្រំដែន៕
ដោយ៖តារា










