គ្រូបង្វឹកអេស្ប៉ាញ ព្រមានមុនជួបបែលហ្ស៊ិកថា Yamal នៅមិនទាន់បង្ហាញសមត្ថភាពល្អបំផុតរបស់ខ្លួននៅឡើយទេ

ចែករំលែក៖

គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ Luis de la Fuente បាននិយាយថា Lamine Yamal នៅមិនទាន់បង្ហាញទម្រង់លេងដ៏ល្អបំផុតរបស់ខ្លួន នៅ World Cup លើកនេះទេ មុនការប្រកួតវគ្គ 8 ក្រុមចុងក្រោយជាមួយ បែលហ្ស៊ិក នៅថ្ងៃសុក្រ ក្នុងទីក្រុង Los Angeles។

យុវជនវ័យក្មេងដ៏អស្ចារ្យ Yamal ធ្លាប់ជួយអេស្ប៉ាញឈ្នះពាន EURO កាលពី 2 ឆ្នាំមុន ប៉ុន្តែនៅ World Cup លើកនេះ គេមិនទាន់បញ្ចេញសមត្ថភាពពេញលេញដូចកំពូលតារាផ្សេងៗដូចជា Lionel Messi, Kylian Mbappe និង Erling Haaland ដែលកំពុងរកគ្រាប់បាល់បានជាបន្តបន្ទាប់។

លោក De la Fuente បាននិយាយថា៖ «យើងដឹងថា ទម្រង់លេងដ៏ល្អបំផុតរបស់ Lamine ជាពិសេសក្នុងការវាយប្រហារ យើងនៅមិនទាន់បានឃើញនៅ World Cup លើកនេះទេ។ វានៅមិនទាន់ដល់កម្រិតដែលយើងធ្លាប់ឃើញពីគាត់ឡើយ»។

មិនទាន់រកឃើញទម្រង់ល្អបំផុត
Yamal រកបានត្រឹម 1 គ្រាប់បាល់ និង គ្មាន Assist នៅក្នុងការប្រកួតនេះ បន្ទាប់ពីមកដល់សហរដ្ឋអាមេរិក ខណៈកំពុងស្តារខ្លួនពីរបួសនៅចុងរដូវកាល។

យ៉ាងណាក៏ដោយ គាត់នៅតែជាកីឡាករដែលបង្កការគំរាមកំហែងជានិច្ច ដោយវាយប្រហារតាមស្លាបស្តាំរបស់អេស្ប៉ាញ។

បន្ទាប់ពីអេស្ប៉ាញឈ្នះព័រទុយហ្គាល់ 1-0 នៅវគ្គមុន លោក De la Fuente បានសរសើរថា នោះគឺជា៖ «ការប្រកួតដ៏ល្អបំផុតមួយរបស់គាត់ និងជាថ្ងៃដ៏សំខាន់សម្រាប់ការអភិវឌ្ឍរបស់គាត់»។

ធ្វើឱ្យខ្សែការពារព័រទុយហ្គាល់រងរបួស

នៅពេលត្រូវបានសួរឱ្យបកស្រាយបន្ថែម លោក De la Fuente បាននិយាយថា ការប្រជែងគ្នារវាង Yamal និង Nuno Mendes បានធ្វើឱ្យខ្សែការពារព័រទុយហ្គាល់រូបនេះប្រើកម្លាំងខ្លាំងរហូតដល់រងរបួស និងត្រូវប្តូរចេញនៅនាទីទី៥៥។

លោកបាននិយាយថា៖ «យើងជួបគូប្រកួតដ៏ខ្លាំងមួយ ហើយខ្សែការពារដែលតាមបិទ Yamal ត្រូវប្រើកម្លាំងយ៉ាងខ្លាំង រហូតដល់គាត់រងរបួស»។

កំពុងរៀន និងមានភាពចាស់ទុំជាងមុន

លោក De la Fuente បញ្ជាក់ថា ទោះមានអាយុត្រឹម 18 ឆ្នាំ ក៏ដោយ Yamal បានរៀនច្រើនពីបទពិសោធន៍ក្នុង World Cup លើកនេះ និងកាន់តែមានភាពចាស់ទុំ។ «គាត់មិនត្រូវការការលើកទឹកចិត្តបន្ថែមទេ។ ពេលខ្លះ យើងត្រូវប្រាប់ឱ្យគាត់ស្ងប់ស្ងាត់បន្តិច ព្រោះគាត់មានចិត្តចង់ធ្វើអ្វីៗច្រើនណាស់»។

អេស្ប៉ាញមិនទាន់របូតគ្រាប់បាល់
មកទល់ពេលនេះ

អេស្ប៉ាញមិនទាន់របូតគ្រាប់បាល់សូម្បីតែមួយគ្រាប់ នៅ World Cup លើកនេះ។
ប៉ុន្តែពួកគេនឹងត្រូវប្រឈមមុខជាមួយ បែលហ្ស៊ិក ដែលទើបស៊ុតឈ្នះ សហរដ្ឋអាមេរិក 4-1 នៅវគ្គ 16 ក្រុមចុងក្រោយ។

...

នៅពេលសួរថា តើការប្រកួតជាមួយបែលហ្ស៊ិកអាចជាពេលដែល Yamal រកគ្រាប់បាល់បានវិញឬអត់ លោក De la Fuente បានឆ្លើយថា៖ «គាត់នឹងបង្ហាញសមត្ថភាពក្នុងការវាយប្រហារ នោះជារឿងច្បាស់ណាស់។ គាត់មានសក្តានុពលដ៏អស្ចារ្យ ហើយសមត្ថភាពល្អបំផុតរបស់គាត់ នៅមិនទាន់បង្ហាញអស់នៅឡើយទេ៕»

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print