នៅព្រឹកថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តព្រះវិហារ ប្រមាណជាង៨០០នាក់ ជាបន្តទៀត ដែលពិធីនេះបានប្រារព្ធឡើងនៅទីរួមខេត្តព្រះវិហារ។
នេះជាបេសកកម្មលើកទី២០ និងចំនួន២៣ ខេត្ត ក្រុងហើយ របស់សម្ដេចតេជោ ក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្ត ដោយផ្ដើមឡើងពីខេត្តកំពង់ចាម,ត្បូងឃ្មុំ,កំពង់ស្ពឺ,តាកែវ,កំពត,កែប,ស្វាយរៀង,ព្រៃវែង,ភ្នំពេញ,កំពង់ឆ្នាំង, ពោធិ៍សាត់ ,កំពង់ធំ, កណ្ដាល ,សៀមរាប ,ឧត្តរមានជ័យ,បន្ទាយមានជ័យ ,បាត់ដំបង ,ប៉ៃលិន ,ខេត្តក្រចេះ ,មណ្ឌលគិរី ,រតនគិរី ,ស្ទឹងត្រែង និងព្រះវិហារ នាថ្ងៃនេះ។
តាមរបាយការណ៍របស់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារបានឱ្យដឹងថា ខេត្តព្រះវិហារស្ថិតនៅភាគឧត្តរនៃព្រះរាជាណាចក្រកម្ពុជាមានក្រឡាផ្ទៃប្រមាណជាង១៣ពាន់គីឡូម៉ែត្រក្រឡាបែងចែកជា១ក្រុង ៧ស្រុក ៤៩ឃុំ២សង្កាត់ និង២៣២ភូមិ។ ខេត្តព្រះវិហារមានសម្បត្តិធនធានធម្មជាតិព្រៃឈើ និងប្រាសាទបុរាណជាច្រើនក្នុងនោះមានប្រាសាទបុរាណដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកចំនួន២ គឺប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។
ខេត្តព្រះវិហារមានសក្តានុពលនិងពឹងផ្អែកលើវិស័យកសិកម្មជាពិសេសគឺការជំរុញផលិតកម្មស្រូវសរីរាង្គដែលបានចងក្រងជាសហគមន៍កសិកម្មចំនួន ៤៧សហគមន៍ ដើម្បីចុះកិច្ចសន្យាទិញលក់ជាមួយក្រុមហ៊ុនសហគ្រាសចំនួន៩ក្រុមហ៊ុន។ ក្រៅពីនេះខេត្តមានដាំដំណាំយុទ្ធសាស្ត្រសំខាន់ៗដូចជាស្វាយចន្ទីប្រមាណ៣ម៉ឺនហិកតា,ដំណាំស្វាយប្រមាណ៨ពាន់ហិកតា,ដំឡូងមីប្រមាណ៤ម៉ឺនហិកតា និងកៅស៊ូប្រមាណ៣ម៉ឺនហិកតា ដាំលក្ខណៈជាក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចំនួន១៥ក្រុមហ៊ុន និងលក្ខណៈជាគ្រួសារ។
ក្នុងភូមិសាស្ត្រខេត្តមានធនធានរ៉ែសំខាន់ៗ ដូចជារ៉ែមាស រ៉ែដែក រ៉ែលោហៈ ដែលមានអាជ្ញាបណ្ណធនធានរ៉ែ៥អាជ្ញាបណ្ណស្មើនឹង៣ក្រុមហ៊ុន,អាជ្ញាបណ្ណអណ្តូងរ៉ែ និងការដ្ឋានវាយថ្ម១២អាជ្ញាបណ្ណស្មើនឹង១០ក្រុមហ៊ុន។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា គោលបំណងនៃការចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការរបស់សម្តេចតេជោ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាពម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងខេត្តព្រះវិហារសាជាថ្មី។ សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងក្រុមការងារមូលដ្ឋានខេត្ត ដែលបានខិតខំក្នុងកិច្ចការងារកន្លងមក។ សម្តេចបានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។ សម្តេចក៏បានជំរុញ និងគាំទ្រចំពោះការពង្រឹងប្រសិទ្ធភាពនៃការប្រមូលពន្ធដារ និងពន្ធគយ រួមទាំងវិធានការតឹងរ៉ឹងក្នុងការទប់ស្កាត់អំពើរត់គេចពន្ធ ឬការរកស៊ីមិនបង់ពន្ធ ដើម្បីបង្កើនចំណូលថវិកាជាតិ។
សម្តេចក៏បានរំឭកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។ សម្ដេចតេជោក៏បានមានប្រសាសន៍ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តជន ពីព្រោះពួកគាត់ជាអ្នកដែលធ្លាប់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ។ ហើយនៅថ្ងៃនេះ សម្ដេចតេជោ បានបញ្ជាក់ជាថ្មីថា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅតែគ្របដណ្ដប់លើមន្ត្រីរាជការចូលនិវត្តន៍របស់ ក្រសួងអប់រំ យុវជន និងកីឡា ដែលមានប្រមាណ ២ម៉ឺន ៤ពាន់នាក់ លើកលែងតែគ្រូបង្រៀនសកម្ម ដែលមិនទាន់ចូលនិវត្តន៍។ សម្ដេចតេជោបានបញ្ជាក់ថា ក្រសួងអប់រំមានសមាគមក្នុងអង្គភាពខ្លួនហើយ គឺសមាគមបុគ្គលិកសិក្សាខ្មែរ (ស.ប.ស.ខ.) ប៉ុន្តែចំពោះមន្ត្រីរាជការចូលនិវត្តន៍ក្នុងវិស័យអប់រំទាំងអស់គឺនៅតែអាចចូលជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាបានដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ដាក់ពាក្យស្នើសុំចូលសមាជិក
សមាគមអតីតយុទ្ធជន និវត្តជនកម្ពុជានោះទេ។ បន្ថែមពីនេះ សម្ដេចតេជោ ក៏បានបញ្ជាក់ថា និវត្តជនក្នុងវិស័យអប់រំ ក្រៅពីទទួលបានអត្ថប្រយោជន៍ពី សមាគមបុគ្គលិកសិក្សាខ្មែរថែមទាំងទទួលបានអត្ថប្រយោជន៍ផ្សេងៗ ពីសមាគមអតីតយុវជន និងនិវត្តជន ដូចសមាជិកអតីតយុទ្ធជន និងនិវត្តជនកម្ពុជាផ្សេងៗទៀតដែរ។
នៅថ្ងៃនេះ សម្តេចតេជោ បានសម្រេចផ្តល់ផ្ទះចំនួន១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ដែលផ្ទះ១០២ខ្នងនេះ ជាការចូលរួមឧបត្ថម្ភពីសំណាក់សមាគមអតីតយុទ្ធជន និងនិវត្តជនចំនួន៥២ខ្នង និងឯកឧត្តម ភឿន ផល្លា ទីប្រឹក្សាសម្ដេចតេជោ ចំនួន៥០ខ្នង។
សម្ដេចក៏បានបន្តក្រើនរំលឹក និងណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងជីវភាពរស់នៅរបស់យុទ្ធជនពលី យុទ្ធជនពិការ និងក្រុមគ្រួសារ ដោយសម្ដេចបានបញ្ជាក់ថា ការគ្រប់គ្រង និងជួយមើលថែបងប្អូនអតីតយុទ្ធជនត្រូវមើលឱ្យជ្រៅ ដោយត្រូវជំរុញកូនចៅរបស់ពួកគេឱ្យទទួលបានការអប់រំខ្ពស់ក្លាយជាបញ្ញវន្ត ដើម្បីតបស្នងនូវគុណបំណាច់ដ៏ធំធេងរបស់ពួកគេចំពោះជាតិមាតុភូមិ។
សម្ដេចក៏បានណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។
សម្តេចតេជោ ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យពង្រឹងកិច្ចការពារ អភិរក្សធនធានធម្មជាតិដែលមាននៅក្នុងខេត្តព្រះវិហារនេះ ឲ្យបានគង់វង្ស។ សម្ដេចតេជោបានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់លើការងារមូលដ្ឋាន មិនត្រូវឱ្យមានភាពថ្នាំងថ្នាក់ដល់ទឹកចិត្តប្រជាពលរដ្ឋ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ។
ចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានជូនពរឱ្យមន្ត្រីរាជការទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន៕










