គ្រូបង្វឹកក្រុមជម្រើសជាតិស្វីសលោក Murat Yakin បានបញ្ជាក់កាលពីថ្ងៃសុក្រ ថា ខ្សែបម្រើ Johan Manzambi ដែលជាអ្នករកគ្រាប់បាល់ច្រើនជាងគេរបស់ក្រុម នឹងមិនអាចចូលលេងក្នុងការប្រកួតវគ្គ 8 ក្រុមចុងក្រោយជាមួយ អាហ្សង់ទីន នៅថ្ងៃសៅរ៍នេះបានទេ ដោយសាររបួសជង្គង់។
Manzambi ដែលរកបាន 3 គ្រាប់ និង Assist 2 លើក ក្នុង World Cup ឆ្នាំនេះ ក៏បានអវត្តមានក្នុងការប្រកួតដែលស្វីសឈ្នះកូឡុំប៊ីដោយបាល់ប៉េណាល់ទីផងដែរ។
លោក Yakin បាននិយាយថា៖
“យើងបានព្យាយាមគ្រប់វិធីដើម្បីឲ្យគាត់ជាសះស្បើយ ប៉ុន្តែជាអកុសល គាត់មិនអាចលេងបាននៅថ្ងៃស្អែកទេ។”
លោកបន្ថែមថា៖ “Johan Manzambi កំពុងឈឺចាប់ខ្លាំង។ វាជាការភ្ញាក់ផ្អើលសម្រាប់យើងទាំងអស់គ្នា។ គាត់កំពុងមានទម្រង់លេងល្អ ហើយគាត់តែងតែបង្កើតភាពរីករាយពេលលេងបាល់ទាត់។”
Xhaka៖ យើងមិនផ្តោតតែលើ Messi ទេ
ប្រធានក្រុម Granit Xhaka បានច្រានចោលការលើកឡើងថា កីឡាករស្វីសខ្លាច ឬគោរព Lionel Messi ខ្លាំងពេក។
អតីតអ្នកចាំទីអាល្លឺម៉ង់ Jens Lehmann បាននិយាយថា កីឡាករស្វីសមើលទៅគោរព Messi ពេក ហើយចង់បានតែអាវរបស់គាត់បន្ទាប់ពីការប្រកួត។
Xhaka ឆ្លើយតបថា៖ “យើងមិនអាចគ្រប់គ្រងអ្វីដែលមនុស្សនិយាយអំពីយើងបានទេ។ អ្វីដែលយើងអាចធ្វើបាន គឺបង្ហាញសមត្ថភាពរបស់យើងនៅលើទីលាន។”
Yakin៖ វិធីល្អបំផុតក្នុងការររាំង Messi គឺកុំឲ្យគាត់មានបាល់
Yakin បាននិយាយថា៖ “បើពួកយើងកាន់កាប់បាល់ Messi នឹងមិនមានឱកាសបង្កគ្រោះថ្នាក់ច្រើនទេ។”
លោកបន្ថែមថា៖ “យើងនឹងលេងតាមរបៀបរបស់យើង ផ្តល់បាល់បានល្អ និងសង្កត់សម្ពាធខ្ពស់លើអាហ្សង់ទីន ដែលជាជើងឯកការពារតំណែង។”
Xhaka៖ នេះជាពេលដ៏សំខាន់បំផុតក្នុងអាជីពរបស់ខ្ញុំ
កីឡាករ Xhaka អាយុ 33 ឆ្នាំ បាននិយាយថា ការប្រកួតនេះគឺជាពេលដ៏ពិសេសបំផុតមួយក្នុងអាជីពរបស់គាត់។
“បន្ទាប់ពីរយៈពេល 72 ឆ្នាំ ស្វីសអាចឡើងដល់វគ្គ 8 ក្រុមចុងក្រោយម្តងទៀត ហើយបានជួបក្រុមជើងឯកពិភពលោក។ ខ្ញុំពិតជាមានមោទនភាព។”
គាត់បន្ថែមថា៖ “ខ្ញុំមិនមកទីនេះដើម្បីនិយាយច្រើនទេ។ ខ្ញុំចង់បន្តដំណើរទៅមុខ។ យើងជិតដល់គោលដៅហើយ ខ្ញុំឃ្លានជ័យជម្នះ ហើយយើងត្រូវបង្ហាញវានៅលើទីលាន។”
មិនមែនជាការសងសឹកទេ
Xhaka ធ្លាប់ជាសមាជិកក្រុមស្វីសដែលចាញ់អាហ្សង់ទីន 1-0 ក្រោយម៉ោងបន្ថែម ក្នុងវគ្គ 16 ក្រុមចុងក្រោយ World Cup 2014។
ប៉ុន្តែគាត់និយាយថា៖ “នេះមិនមែនជាការសងសឹកទេ។ វាជាការប្រកួតថ្មីទាំងស្រុង។ គោលដៅរបស់យើងគឺឈ្នះ និងឡើងទៅវគ្គបន្ទាប់។”
សារទៅកាន់អ្នកគាំទ្រស្វីស
Xhaka បានផ្ញើសារថា៖ “សូមបន្តសុបិន្ត។ ខ្ញុំជាមនុស្សម្នាក់ដែលតែងតែសុបិន្ត ហើយសុបិន្តអាចក្លាយជាការពិតបាន។ ប៉ុន្តែដើម្បីសម្រេចសុបិន្ត អ្នកត្រូវខិតខំ ប្រឹងប្រែង ហើយលះបង់គ្រប់យ៉ាង ប្រសិនបើអ្នកចង់យកឈ្នះអាហ្សង់ទីន។”
អាកាសធាតុក្តៅមិនមែនជាលេស
ទោះបីការប្រកួតនៅ Kansas City ត្រូវលេងក្រោមអាកាសធាតុក្តៅ ហើយអាហ្សង់ទីនក៏បានស្នាក់នៅទីនោះពេញមួយការប្រកួតក៏ដោយ Xhaka បាននិយាយថា៖ “នៅពេលអ្នកមកដល់វគ្គ 8 ក្រុមចុងក្រោយ អ្នកមិនខ្វល់ពីអាកាសធាតុទេ។ គ្មានលេសអ្វីឡើយ៕”










