ភ្នំពេញ៖ ក្រុមការងារចល័តចម្រុះនៃក្រសួង សាធារណការ និងដឹកជញ្ជូន បានបន្តរឹតបន្តឹងការអនុវត្តច្បាប់ចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់ ដោយចុះឆ្មក់ត្រួតពិនិត្យ និងរកឃើញយានយន្តល្មើសចំនួន ៤គ្រឿង ដែលដឹកលើសទម្ងន់កំណត់ នៅខេត្តកំពង់ចាម រតនគិរី និងព្រៃវែង ហើយបានចាត់វិធានការពិន័យតាមច្បាប់។
ប្រតិបត្តិការនេះធ្វើឡើងចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់ លោកគឹម សាន់ អនុប្រធានក្រុមការងារ លោកម៉ី ម៉ារ៉ាឌី អនុប្រធានក្រុមការងារ លោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន និងសមាជិកក្រុមការងារចល័តចម្រុះ ដោយសហការជាមួយស្ថានីយជញ្ជីងខែលជ័យ ខេត្តកំពង់ចាម ស្ថានីយជញ្ជីងត្រពាំងក្រហម ខេត្តរតនគិរី និងស្ថានីយជញ្ជីងអ្នកលឿង ខេត្តព្រៃវែង។
តាមលទ្ធផលត្រួតពិនិត្យ យានយន្តទាំង៤គ្រឿង បានដឹកលើសទម្ងន់អនុញ្ញាតចន្លោះពី ១៤តោន ដល់ ៣២ តោន ដោយភាគច្រើនដឹកថ្ម និងធ្យូងថ្ម។ សមត្ថកិច្ចជំនាញបានអនុវត្តការផាកពិន័យស្របតាមច្បាប់ ដើម្បីទប់ស្កាត់ការប្រើប្រាស់យានយន្តដឹកលើសទម្ងន់ ដែលជាមូលហេតុបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងបង្កហានិភ័យដល់សុវត្ថិភាពចរាចរណ៍។
ជាមួយគ្នានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់យានយន្ត និងអ្នកបើកបរយានយន្តធុនធ្ងន់ទាំងអស់ សូមគោរពច្បាប់ ស្តីពីការដឹកជញ្ជូនទម្ងន់កំណត់ និងអនុវត្តតាមតម្រាយផ្លូវដែលអនុញ្ញាតសម្រាប់យានយន្តចាប់ពីភ្លៅ៦ឡើងទៅ ឱ្យបានត្រឹមត្រូវ។
ក្រសួងបានបញ្ជាក់ថា ក្រុមការងារចល័តនឹងបន្តចុះឆ្មក់ត្រួតពិនិត្យនៅទូទាំងប្រទេសជាបន្តបន្ទាប់ ដោយអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ និងគ្មានការលើកលែងចំពោះយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ឡើយ៕
ដោយ៖ សុរិយា










