សភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ តាមសំរណើរបស់គណៈកម្មាធិការនយោបាយរបស់ខ្លួន សភាប្រើភាសាបារាំង (APF) ក្នុងសម័យប្រជុំប្រចាំឆ្នាំលើកទី៥១ ដែលបានប្រព្រឹត្តទៅនៅទីក្រុងយ៉ាអ៊ូនដេ (ប្រទេសកាមឺរូន) បានអនុម័តនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នូវសេចក្តីសម្រេចចិត្តដែលបញ្ជាក់ឡើងវិញនូវការគាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាកម្ពុជា។

ថ្លែងបញ្ជាក់ជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះថា លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា​ សេចក្តីសម្រេចចិត្តបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សមាជិកសភាប្រើភាសាបារាំងនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃរបៀបវារៈ «ស្ត្រី សន្តិភាព និងសន្តិសុខ» និងតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងការបង្ការជម្លោះ និងការពង្រឹងសន្តិភាពឱ្យបានរឹងមាំ។

ប្រឈមមុខនឹងភាពតានតឹងដែលនៅតែបន្តកើតមាននៅតាមព្រំដែនរវាងកម្ពុជា-ថៃ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ សភាប្រើភាសាបារាំង (APF) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិតមនុស្ស ការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋស៊ីវិល និងរបាយការណ៍នានាស្តីពីការរំលោភលើបទឈប់បាញ់ និងការប៉ះពាល់ដល់បូរណភាពទឹកដីនៃប្រទេសកម្ពុជា រួមទាំងការខូចខាតដល់ទីតាំងវប្បធម៌ និងសាសនា ដែលក្នុងនោះទីតាំងមួយចំនួនត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ(UNESCO)។ សេចក្តីសម្រេចរបស់សភាប្រើភាសាបារាំង ក៏បានកត់សម្គាល់ជាពិសេសនូវ «ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធា ការរៀបចំពិធីសាសនានៅក្នុងទីតាំងវប្បធម៌ និងជំនឿសាសនាព្រមទាំងគំនិតផ្តួចផ្តើមក្នុងការបែងចែកដីធ្លីនៅក្នុងតំបន់ទាំងនោះ»។

សភាប្រើភាសាបារាំង (APF) អំពាវនាវឱ្យមានការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពរបស់កម្ពុជា ការចៀសវាងរាល់សកម្មភាពឯកតោភាគីណាមួយដែលបណ្តាលឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើង និងការ​អនុវត្តឱ្យបានពេញលេញនូវសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។ សភាប្រើភាសាបារាំង (APF) ក៏បានសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះទុក្ខវេទនាដែលប្រជាពលរដ្ឋស៊ីវិលបានរងគ្រោះ ដោយរំលឹកថា រាល់ការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ ដែលជា «កេរដំណែលរួមរបស់មនុស្សជាតិ» ជះឥទ្ធិពលអវិជ្ជមានដល់ការរំពឹងទុកនៃសន្តិភាពប្រកបដោយចីរភាព និងការផ្សះផ្សាគ្នា។

សេចក្តីសម្រេចចិត្តនេះបានទាមទារឱ្យមានការបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់ ការបន្តកិច្ចសន្ទនារវាងភាគីនានា និងការដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីតំបន់ជម្លោះ។ សភាប្រើភាសាបារាំង (APF) បញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសគណៈកម្មការចម្រុះព្រំដែន (JBC) និងលើកទឹកចិត្តឱ្យមានការដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។ សភាប្រើភាសាបារាំង (APF) គាំទ្រដល់ការធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និង ថៃ មានភាពប្រក្រតីឡើងវិញ ដោយផ្អែកលើការទទួលស្គាល់អធិបតេយ្យភាព បូរណភាពទឹកដីគ្នាទៅវិញទៅមក និងភាពមិនអាចរំលោភបាននៃព្រំដែន ព្រមទាំងការខណ្ឌសីមាព្រំដែនស្របតាមលិខិតុបករណ៍គតិយុត្តអន្តរជាតិ។ នៅរសៀលថ្ងៃដដែល អង្គប្រជុំបានអនុម័តជ្រើសរើស លោក អ៊ុច បូររិទ្ធ អនុប្រធានទី១នៃព្រឹទ្ឋសភាកម្ពុជា ជាប្រតិភូប្រចាំតំបន់ អាស៊ី-ប៉ាស៊ីហ្វិក សម្រាប់អាណត្តិពីរឆ្នាំ (ពីឆ្នាំ២០២៦ ដល់ ២០២៨)។

តាងនាមឱ្យព្រឹទ្ធសភា រដ្ឋសភា និងប្រជាជនកម្ពុជា លោក អ៊ុច បូររិទ្ធ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះគណៈប្រតិភូទាំងអស់នៃអង្គប្រជុំសភាប្រើភាសាបារាំង ចំពោះការគាំទ្រសេចក្តីសម្រេចចិត្តស្តីពីការគោរពបូរណភាពទឹកដីនៃប្រទេសកម្ពុជា ដែលត្រូវបានអនុម័តពេលនេះ។ លោកបានគូសបញ្ជាក់ថា ការអនុម័តនេះ គឺជាសក្ខីភាពបញ្ជាក់ពីឆន្ទៈនៃសភាប្រើប្រាស់ភាសាបារាំង ក្នុងការរួបរួមគ្នាយ៉ាងរឹងមាំជុំវិញគោលការណ៍ទាំងឡាយដែលជាមូលដ្ឋានគ្រឹះរបស់សភា ពោលគឺ៖ ការគោរពច្បាប់អន្តរជាតិ អធិបតេយ្យភាពនៃរដ្ឋ និងការដោះស្រាយវិវាទដោយសន្តិវិធី។

...

លោកបានគូសបញ្ជាក់ថា ការគាំទ្ររបស់សភាប្រើប្រាស់ភាសាបារាំងចំពោះសេចក្តីសម្រេចចិត្តនេះ គឺជាសារផ្ញើជូនសហគមន៍អន្តរជាតិ អំពីសាមគ្គីភាព ការទទួលខុសត្រូវ និងការជួយគ្នាទៅវិញទៅមក រវាងប្រទេសសមាជិកនៃអង្គការហ្វ្រង់កូហ្វូនី ដើម្បីសន្តិភាព ការគោរពច្បាប់អន្តរជាតិ និងការអភិវឌ្ឍ។ លោក អ៊ុច បូរិទ្ធ បានសម្តែង​សារ​ជា​ថ្មី​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រាលជ្រៅបំផុតចំពោះទំនុកចិត្ត និងមិត្តភាព ព្រមទាំងការប្តេជ្ញា​ចិត្ត​ឥត​ងាក​រេ​របស់​ប្រតិភូ​ទាំង​អស់ ក្នុងការបម្រើដល់សន្តិភាព កិច្ចសន្ទនា និងគោលការណ៍នីតិរដ្ឋ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print