ខេត្តកំពង់ចាម÷ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងបង្ក្រាបបទល្មើសនេសាទបាន ២ករណី ក្នុងភូមិសាស្ត្រស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
បើតាមមន្ត្រីជលផលបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកព្រៃឈរ កម្លាំងកងរាជអាវុធហត្ថស្រុក ផ្នែកសឹករងស្រុក និងសហគមន៍នេសាទសាមគ្គីឃុំមៀន ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបាន ចំនួន២ករណីដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖
ករណីទី១-ឧបករណ៍លូស្បៃមុងចំនួន ០៨មាត់-របាំងស្បៃមុងប្រវែង២៥០ ម៉ែត្រ -បង្គោលចម្រឹងចំនួន ១៣០ដើម -ចាក់លែងកូនត្រីចម្រុះទម្ងន់ ០៥ គីឡូក្រាម នៅចំណុចស្ទឹងជ្រៅ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ករណីទី២-រុះរើសម្រាស់ទំហំ ៣×២ម៉ែត្រ ចំនួន០២ កន្លែង នៅចំណុចស្ទឹងកំបុត ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម៕
ដោយ៖ សុរិយា










