ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា មេបញ្ជការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានដឹកនាំរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី និងអបអរសាទរខួបលើកទី៣៣ ទិវាបង្កើត កងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៦) ដោយមានវត្តមានលោកមេបញ្ជាការង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការ និងកងអន្តរាគមន៍ចល័ត ។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់មន្ត្រីអាវុធហត្ថដែលកំពុងបម្រើការងារ និងមន្ត្រីកងរាជអាវុធហត្ថដែលបានចូលសោធននិវត្តន៍។
នាយឧត្តមសេនីយ៍ តែងតែយកចិត្តទុកដាក់ និងបានណែនាំដល់ប្រធានអង្គភាព និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទ មិនត្រូវទុកពួកគាត់ឲ្យនៅឯកាឡើយ ត្រូវមានការគាំទ្រឧបត្ថម្ភទាំងស្មារតី និងសម្ភារ ទៅតាមលទ្ធភាពជាក់ស្ដែងរបស់អង្គភាពនីមួយៗ ដើម្បីរំលឹកដល់វីរភាព និងជាការលើកទឹកចិត្តដល់មន្ត្រីកងរាជអាវុធហត្ថចូលសោធននិវត្តន៍៕
ដោយ ៖ សិលា










