គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ចុះត្រួតពិនិត្យរដ្ឋបាលចំហ និងបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន ០៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង:គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ចុះត្រួតពិនិត្យរដ្ឋបាលចំហ និងបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន ០៣នាក់។

សមត្ថកិច្ចនគរបាលបានអោយដឹងថា នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក រ៉េត រក្សា អភិបាលរងក្រុងបាវិត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង ដែលដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ដើម្បីចុះត្រួតពិនិត្យរដ្ឋបាលចំហ និងបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រតិបត្តិការនេះស្ថិតនៅចំណុចបុរី ឈុនស៊ីង ស៊ីធី ក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ព្រមទាំងមានការសម្របសម្រួលនីតិវិធីដោយផ្ទាល់ពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា និងលោកស្រី ទេព ទេវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។

សមាសភាពដែលបានចូលរួមក្នុងកិច្ចប្រតិបត្តិការចម្រុះនេះរួមមាន លោកនាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា លោកអធិការរងក្រុងបាវិត លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង លោកនាយករងរដ្ឋបាលក្រុង មេភូមិបាវិតលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត និងក្រុមការងាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ។

ជាលទ្ធផលនៅក្នុងកិច្ចប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលចំហលើផ្ទះល្វែងចំនួន ០៦ខ្នង អាជ្ញាធរបានរកឃើញជនបរទេសសរុបចំនួន ១៧នាក់ ដែលមានជនជាតិចិនចំនួន ១៥នាក់ និងជនជាតិវៀតណាមចំនួន ០២នាក់ ហើយជនបរទេសខាងលើ សុទ្ធតែមានលិខិតឆ្លងដែន ព្រមទាំងទិដ្ឋាការស្នាក់នៅត្រឹមត្រូវតាមផ្លូវច្បាប់។

ក្នុងនោះក៏បានបង្ក្រាបទីតាំងផ្ទះលេខ DL06 ដែលជាទីតាំងសង្ស័យខ្លាំងក្នុងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ០៣នាក់ រួមមានជនជាតិចិន ០១នាក់ និងស្ត្រីជនជាតិខ្មែរ ០២នាក់។

 ជាមួយគ្នានេះក្រុមការងារបានដកហូតវត្ថុតាងមួយចំនួន រួមមានកុំព្យូទ័រយួរដៃចំនួន ០៤គ្រឿង ទូរសព្ទដៃផ្ទាល់ខ្លួនចំនួន ០៦គ្រឿង ទូរសព្ទដៃចម្រុះចំនួន ១៣គ្រឿង ម៉ូតូម៉ាក Honda Scoopy ចំនួន ០២គ្រឿង និងលិខិតឆ្លងដែនចំនួន ០១ក្បាល។

...

បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីធ្វើការសាកសួរ និងបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។ ចំពោះទីតាំងកើតហេតុខាងលើត្រូវបានក្រុមការងារចម្រុះសម្រេចបិទជាបណ្តោះអាសន្ន ដើម្បសម្របសម្រួលតាមចំណាត់ការច្បាប់។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print