ភ្នំពេញ៖ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ លោក មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានផ្តល់សេចក្តីសង្ខេបព័ត៌មានអំពីដំណើរអញ្ជើញបំពេញទស្សនកិច្ចការងារ នៅប្រទេសចិន របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ, លោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសចិន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ ទស្សនកិច្ចការងារនេះ គូសបញ្ជាក់ពីការប្តេជ្ញារួមគ្នារវាងកម្ពុជា និងចិន ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ទស្សនកិច្ចនេះ ក៏ជាកម្លាំងចលករថ្មីទៀត ដើម្បីជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ លើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានបន្តថា សម្ដេចធិបតី នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ ក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតកាន់តែត្រចះត្រចង់» នៅទីក្រុងសៀងហៃ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ លោក មាស សុភ័ណ្ឌ បានបន្ថែមថា សម្តេចធិបតីនឹងជួបសម្តែងការគួរសមចំពោះ លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជួបពិភាក្សាទ្វេភាគីជាមួយ លោក លី ឈាង នាយករដ្ឋមន្ត្រីចិន។ បន្ថែមពីកម្មវិធីខាងលេី, សម្ដេចធិបតីក៏នឹងទទួលជួបតំណាងធុរជនចិនសំខាន់ៗជាច្រើនផងដែរ។
ទន្ទឹមនឹងនេះ, លោក មាស សុភ័ណ្ឌ ក៏បានរំលេចផងដែរថា គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលអញ្ជើញអមដំណើរសម្ដេចធិបតី នាឱកាសនោះ រួមមាន៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក លោកស្រី រដ្ឋមន្ត្រី លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ព្រមទាំងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។
ជាទីបញ្ចប់, លោក មាស សុភ័ណ្ឌបានគូសបញ្ជាក់ថា សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ៕
ដោយ៖តារា










