គ្រូបង្វឹកអង់គ្លេស យល់ស្របអំពីជំនឿលើសំណាងរបស់អាហ្សង់ទីនចំពោះអាវពណ៌ខៀវចាស់

ចែករំលែក៖

អាវក្រៅពណ៌ខៀវចាស់របស់ក្រុមជម្រើសជាតិអាហ្សង់ទីន បានក្លាយជារឿងលើសពីគ្រាន់តែជាអាវប្រកួតបម្រុង។ សម្រាប់មនុស្សជាច្រើន វាគឺជានិមិត្តសញ្ញាមួយនៃប្រវត្តិសាស្ត្របាល់ទាត់អាហ្សង់ទីន ដែលភ្ជាប់ជាមួយនឹងជ័យជម្នះដ៏ល្បីៗនៅព្រឹត្តិការណ៍ FIFA World Cup ហើយមនុស្សជាច្រើនក៏ជឿថា វានាំសំណាងដល់ក្រុមផងដែរ។

 

នៅពេលដែលអាហ្សង់ទីនជួបអង់គ្លេសក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃពុធនេះ នៅទីក្រុង Atlanta កីឡាករ Lionel Messi និងមិត្តរួមក្រុម នឹងពាក់អាវក្រៅពណ៌ខៀវចាស់ ជំនួសអាវឆ្នូតពណ៌ស-ខៀវដែលជាអាវប្រចាំក្រុម។

 

អាហ្សង់ទីនធ្លាប់ពាក់អាវពណ៌ខៀវចាស់ពេលជួបអង់គ្លេសក្នុងវគ្គ ៨ ក្រុមចុងក្រោយ World Cup ឆ្នាំ 1986 នៅម៉ិកស៊ិក។ កាលនោះ លោក Diego Maradona បានស៊ុតគ្រាប់បាល់ដ៏ល្បីហៅថាដៃព្រះ “Hand of God” និងគ្រាប់បាល់ដ៏អស្ចារ្យដែលគេស្គាល់ថាគ្រាប់បាល់ប្រចាំសហស្សវត្សរ៍ “Goal of the Century” ជួយអាហ្សង់ទីនឈ្នះ 2-1។

 

១២ ឆ្នាំក្រោយមក ក្នុង World Cup ឆ្នាំ 1998 នៅបារាំង អាហ្សង់ទីនក៏បានពាក់អាវពណ៌ខៀវចាស់ដដែល ហើយបានទម្លាក់អង់គ្លេសដោយការស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពីស្មើគ្នា 2-2។

 

គ្រូបង្វឹកអង់គ្លេស Thomas Tuchel បាននិយាយថា លោកយល់អំពីការសម្រេចចិត្តនេះ។ «បើវាជាជំនឿដែលនាំសំណាង ខ្ញុំក៏ប្រហែលជានឹងធ្វើដូចគ្នា។ ដូច្នេះ ខ្ញុំគោរពការសម្រេចចិត្តរបស់ពួកគេ។ ខ្ញុំមិនធ្លាប់ដឹងរឿងនេះពីមុនទេ»។

 

លោក Tuchel ក៏បានទទួលស្គាល់ថា ទោះបីជាបាល់ទាត់កម្រិតខ្ពស់ក៏ដោយ ក៏អ្នកជំនាញជាច្រើននៅតែមានជំនឿផ្ទាល់ខ្លួនដែរ។ «ខ្ញុំក៏មានទម្លាប់ និងជំនឿផ្ទាល់ខ្លួនដែរ។ តែខ្ញុំមិនអាចប្រាប់អ្នកបានទេ ព្រោះមានជំនឿមួយទៀតថា បើនិយាយចេញ វានឹងលែងមានសំណាង»។

 

លោកបន្ថែមថា ទម្លាប់ទាំងនេះជួយឱ្យគាត់មានអារម្មណ៍ស្ងប់ និងមានការផ្តោតអារម្មណ៍មុនការប្រកួត ហើយក្រុមក៏មានវត្ថុដែលពួកគេចាត់ទុកថាជា “នាំសំណាង” ដូចគ្នា។

 

ចំណែកគ្រូបង្វឹកអាហ្សង់ទីន លោក Lionel Scaloni វិញ មិនចង់និយាយថា ការជ្រើសអាវនេះពាក់ព័ន្ធនឹងអបិយជំនឿទេ។ «ខ្ញុំមិនមែនជាអ្នកស្នើឱ្យពាក់អាវពណ៌ខៀវទេ។ ខ្ញុំក៏មិនដឹងថានរណាជាអ្នកសម្រេចដែរ។ ប្រហែលជាវាជាប្រពៃណីប៉ុណ្ណោះ។»

 

អាវពណ៌ខៀវចាស់របស់អាហ្សង់ទីន ត្រូវបានរចនាដោយយកលំនាំសិល្បៈ Fileteado ដែលជាសិល្បៈប្រពៃណីរបស់ទីក្រុង Buenos Aires និងត្រូវបាន UNESCO ទទួលស្គាល់។ វាមានលំនាំអក្សរ និងផ្ការចនាបថស្រស់ស្អាត លើផ្ទៃខ្មៅ និងខៀវ។

...

 

មិនថាវាជាសំណាង ឬគ្រាន់តែជាអាវប្រកួតមួយក៏ដោយ អាហ្សង់ទីនសង្ឃឹមថា ប្រវត្តិសាស្ត្រនឹងកើតឡើងម្ដងទៀត ដោយយកឈ្នះអង់គ្លេស និងឡើងទៅវគ្គផ្តាច់ព្រ័ត្រ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print