ខេត្តកណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដ៏រន្ធត់មួយរវាងរថយន្តសណ្តោងរ៉ឺម៉កនឹងរថយន្តដឹកទំនិញ បានបណ្តាលឱ្យអ្នកបើកបរម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈរថយន្តបង្កបានឆេះកាប៊ីនយ៉ាងសន្ធោសន្ធៅ ក្រោយពេលបុកគ្នា។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០:១៥ នាទីយប់ ថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ លើកំណាត់ផ្លូវលេខ ១១២A ចន្លោះគីឡូម៉ែត្រលេខ ៥-៤ ស្ថិតក្នុងភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា រថយន្តបង្កម៉ាក MITSUBISHI FUSO ប្រភេទសណ្តោងរ៉ឺម៉ក ក្បាលរថយន្តពាក់ស្លាកលេខ ភ្នំពេញ 3A-9781 និងកន្ទុយរ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ 4A-5638 ធ្វើ ដំណើរពីទិសខាងកើតទៅទិសខាងលិច (បន្ទាយដែក-ឈើទាល) ដោយមិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរ។
លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុកជាមួយរថយន្តម៉ាក HYUNDAI MIGHTY ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-9627 ដែលបើកបរដោយឈ្មោះ គួយ ថៃសាន ភេទប្រុស អាយុ ៣០ឆ្នាំ ធ្វើដំណើរពីទិសខាងលិចទៅទិសខាងកើត(ឈើទាល-បន្ទាយដែក)។
ហេតុការណ៍នេះបានបណ្តាលឱ្យអ្នកបើកបររថយន្ត MITSUBISHI FUSO ស្លាប់ភ្លាមៗនៅក្នុងកាប៊ីនរថយន្ត បន្ទាប់ពីរថយន្តបានឆេះយ៉ាងសន្ធោសន្ធៅ។ ចំណែកអ្នកបើកបររថយន្ត HYUNDAI MIGHTY រងរបួសធ្ងន់ត្រូវបានក្រុមសង្គ្រោះដឹកបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ។
បន្ទាប់ពីកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដីឥដ្ឋ បានចុះទៅអន្តរាគមន៍ ការពារកន្លែងកើតហេតុ និងសម្របសម្រួលចរាចរណ៍ ខណៈមន្ត្រីជំនាញបានចុះពិនិត្យ វាស់វែង និងបន្តនីតិវិធីតាមផ្លូវច្បាប់។
យោងតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច មូលហេតុនៃគ្រោះថ្នាក់នេះ
គឺបណ្តាលមកពីអ្នកបើកបររថយន្ត MITSUBISHI FUSO ប្រភេទសណ្តោងរ៉ឺម៉កបានរេចង្កូតទៅបុករថយន្ត HYUNDAI MIGHTY ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា៕
ដោយ៖ សុរិយា












