អ្នកនាំពាក្យក្រសួងសាធារណការ ៖ សម្រស់ផ្លូវជាតិលេខ៧១C ក្រោយពេលរាជរដ្ឋាភិបាលដាក់ឲ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ

ចែករំលែក៖

ភ្នំពេញ ៖ សម្រស់ផ្លូវជាតិលេខ៧១C ក្រោយពេលរាជរដ្ឋាភិបាលដាក់ឲ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ។ នេះជាការបញ្ជាក់ពី លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។
ផ្លូវជាតិលេខ៧១C មានប្រវែងជាង១១៤គីឡូម៉ែត្រ ដែលជាហិរញ្ញប្បទានសម្បទានថវិកាពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងត្រូវបានសម្ពោធបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ផ្លូវជាតិលេខ៧១C បាន និងកំពុងបម្រើដល់ការតភ្ជាប់ទំនាក់ទំនងសកម្មភាព ពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេសការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម និងខេត្តជាប់ព្រំប្រទល់គ្នាផ្សេងៗទៀត ព្រមទាំងសម្រួលដល់ដល់ការដឹកជញ្ជូនពូជដំណាំ ផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម ឱ្យកាន់តែរហ័ស កាត់បន្ថយការចំណាយ និងចំណេញពេលវេលា។
ផ្លូវជាតិលេខ៧១C គឺជាខ្សែផ្លូវយុទ្ធសាស្ត្រ ប្រទាក់ក្រឡាយ៉ាងសំខាន់ និងបានតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវជាតិ និងផ្លូវមួយចំនួន ដូចជា ផ្នែកខាងកើត តភ្ជាប់ជាមួយផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៧៣ និងខ្សែផ្លូវនានានៅក្នុងតំបន់នេះ ក្នុងទិសដៅទៅកាន់ទីតាំងភូមិសាស្ត្រផ្សេងៗក្នុងខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងច្រកព្រំដែនកម្ពុជា- វៀតណាម និងផ្នែកខាងលិចវិញ តភ្ជាប់ជាមួយផ្លូវជាតិលេខ៧១ ផ្លូវលេខ២៧៧ និងខ្សែផ្លូវផ្សេងៗ ក្នុងទិសដៅទៅកាន់ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងតំបន់ផ្សេងៗ។
ខ្សែផ្លូវជាតិនេះ ចាប់ផ្តើមពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ រហូតទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ក្នុងខេត្តកំពង់ចាម៕
ដោយ : សិលា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print