ភ្នំពេញ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា យោងតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ព្រះរាជាណាចក្រកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលព្យុះទី៩ ឈ្មោះបាវី (Bavi) T2609 និងព្យុះទី១១ ឈ្មោះហៃសិន (Haishen)T2611 ដែលអាចធ្វើឱ្យរាជធានី ខេត្តមួយចំនួនរង ឥទ្ធិពលទឹកភ្លៀងដែលអាចបង្កជាទឹកជំនន់។
ក្នុងពេល និងក្រោយពេលទឹកជំនន់ យុទ្ធភណ្ឌគ្រឿងផ្ទុះមួយចំនួនត្រូវបានប្រទះឃើញ ដោយសារ ការហូរច្រោះដើរសាត់មកពីតំបន់ដែលមានមីនប្រឆាំងមនុស្ស មីនប្រឆាំងយានយន្ត គ្រាប់បែកចង្កោម និង សំណល់ជាតិផ្ទុះពីសង្គ្រាមជាច្រើនប្រភេទ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋជាយថាហេតុ ជាពិសេសប្រជាពលរដ្ឋកំពុងរស់នៅតំបន់ដែលរងផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ។
ដើម្បីបង្ការនិងទប់ស្កាត់បាននូវគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ក្នុងពេល និងក្រោយ ពេលគ្រោះទឹកជំនន់ អាជ្ញាធរមីនសូមធ្វើការណែនាំដល់គ្រប់គណៈកម្មាធិការសកម្មភាពមីនរាជធានី ខេត្ត គ្រប់ប្រតិបត្តិករអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងសូម អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសហការអនុវត្តនូវវិធានការបន្ទាន់មួយចំនួនដូចខាងក្រោម៖
១- ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះយុទ្ធភណ្ឌគ្រឿងផ្ទុះ ដែលអាច មកជាមួយទឹកជំនន់ ដោយសារការហូរច្រោះដើរសាត់មកពីតំបន់ដែលមានមីនប្រឆាំងមនុស្ស មីនប្រឆាំងយានយន្ត គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាច្រើនប្រភេទ។
២- ណែនាំឱ្យប្រជាពលរដ្ឋរាយការណ៍មកអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ ឬ ប្រតិបត្តិករ បោសសម្អាតមីនដែលនៅក្បែរនោះជាបន្ទាន់ នៅពេលប្រទះឃើញយុទ្ធភណ្ឌគ្រឿងផ្ទុះ។
៣- រៀបចំខ្លឹមសារផ្សព្វផ្សាយ និងផលិតជាសម្ភារអប់រំ ស្តីពីគ្រោះថ្នាក់ដែលអាចបង្កឡើង ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ក្នុង និងក្រោយពេលទឹកជំនន់ សម្រាប់ផ្តល់ជូនភ្នាក់ងារអប់រំ
៤- ឆ្លើយតបឱ្យបានទាន់ពេលវេលា ប្រជាពលរដ្ឋបានរាយការណ៍។ ក្នុងការប្រមូលយកទៅកម្ទេចចោលនូវយុទ្ធភណ្ឌគ្រឿងផ្ទុះដែល
៥- ដាក់ស្លាកសញ្ញាសម្គាល់ជាបន្ទាន់នៅតាមតំបន់សង្ស័យមានយុទ្ធភណ្ឌគ្រឿងផ្ទុះ ដែលអាចហូរ តាមទឹក និងដីល្បាប់ ដើម្បីទប់ស្កាត់កុំឱ្យប្រជាពលរដ្ឋចូលទៅស្នាក់នៅ ឬ ឆ្លងកាត់។
៦- សូមបងប្អូនប្រជាពលរដ្ឋនៅពេលប្រទះឃើញវត្ថុសង្ស័យជាគ្រាប់មីនប្រឆាំងមនុស្ស មីនប្រឆាំង យានយន្ត គ្រាប់បែកចង្កោម និង គ្រាប់មិនទាន់ផ្ទុះ សូមកុំរើស កាន់ គប់ ដំ កែច្នៃ គ្រាប់ទាំងនោះ វាបណ្តាលឱ្យរបួស ពិការ ស្លាប់ គ្រប់ពេល។
៧- សូមបងប្អូនប្រជាពលរដ្ឋនៅពេលប្រទះឃើញគ្រាប់មីនប្រឆាំងមនុស្ស មីនប្រឆាំងយានយន្ត គ្រាប់បែកចង្កោម និង គ្រាប់មិនទាន់ផ្ទុះសូមរាយការណ៍ជាបន្ទាន់មកកម្លាំងប្រដាប់អាវុធ នគរបាលជាតិ អាជ្ញាធរមូលដ្ឋាន មេឃុំ មេភូមិ ឬ ប្រតិបត្តិករបោសសម្អាតមីន ដែលនៅក្បែរនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល។
ទទួលបានសេចក្តីណែនាំនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រធាន គណៈកម្មាធិការសកម្មភាពមីនខេត្ត គ្រប់ប្រតិបត្តិករជាតិ និងអន្តរជាតិ ក្រសួង ស្ថាប័នពាក់ព័ន្ធចូលរួមសហការ និងអនុវត្តតាមការគួរ៕ដោយ៖តារា










