កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ចែករំលែក៖

នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពី បញ្ញាសិប្បនិម្មិត នៅថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមនាយករដ្ឋមន្ត្រីចិន បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចធិបតី ជាថ្មីម្តងទៀត។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ចិននិងកម្ពុជាមានការផ្លាស់ប្តូរទស្សនកិច្ចញឹកញាប់ និងការផ្លាស់ប្តូរយោបល់គ្នាយ៉ាងសកម្ម នៅគ្រប់កម្រិត និងវិស័យ ដែលឆ្លុះបញ្ចាំងអំពីភាពរឹងមាំនៃទំនាក់ទំនង និងការបន្តបោះជំហានទៅមុខនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តម លី ឈាងបានសង្កត់ធ្ងន់ថា ចិននិងកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធ និងជាមិត្តដែកថែប ហើយប្រទេសទាំងពីរនឹងបន្តកិច្ចសហការ និងការគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញទំនើបកម្មរៀងៗខ្លួន និងចូលរួមដោះស្រាយភាពមិនច្បាស់លាស់របស់ពិភពលោក។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ចិនចាត់ទុកទំនាក់ទំនងជាមួយកម្ពុជា ជាអាទិភាពនៃការទូតរបស់ចិន។  

ជាការឆ្លើយតប, សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជាទីបំផុត ពីសំណាក់រដ្ឋាភិបាល និងប្រជាជនចិន។ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ចិន ដោយប្រទេសទាំងពីរជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងកំពុងរួមគ្នាខិតខំកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី »។ សម្តេចធិបតីបានគូសបញ្ជាក់ជាថ្មីថា កម្ពុជាបន្តប្រកាន់ខ្ជាប់ឥតងាករេនូវ គោលការណ៍ចិនមួយ ដោយចាត់ទុកបញ្ហាតៃវ៉ាន់ ហុងកុង ស៊ីចាំង និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន។ 

ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានពិភាក្សា និងផ្លាស់ប្ដូរយោបល់លើគំនិតផ្តួចផ្តើម និងទិសដៅបន្តមួយចំនួន សំដៅបន្តពង្រឹងនិងពង្រីកវិស័យគន្លឹះនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ រួមមាន៖ វិស័យនយោបាយ-ការទូត, សេដ្ឋកិច្ច និងពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ថាមពលបៃតង, កសិកម្ម, ការពារជាតិ និងសន្តិសុខ, ព្រមទាំងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ជាពិសេស ទេសចរណ៍ និងការអប់រំ។ 

...

មុននឹងបញ្ចប់, សម្តេចធិបតី ក៏បានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីចិន អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ​,​ និងអនុលោមតាមអនុសញ្ញា,​ សន្ធិសញ្ញា​ និងកិច្ចព្រមព្រៀង​ដែលមានស្រាប់រវាងកម្ពុជា និងថៃ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print