សហព័ន្ធបាល់ទាត់ពិភពលោក FIFA គ្រោងប្រកាសថា ការប្រកួត FIFA World Cup 2026 រកចំណូលបានរហូតដល់ 15 ពាន់លានដុល្លារ (ប្រហែល 11.2 ពាន់លានផោន) ដែលជាចំណូលខ្ពស់បំផុតមិនធ្លាប់មាន និងលើសគោលដៅដែលបានកំណត់មុនការប្រកួតយ៉ាងច្រើន។
ប្រធាន FIFA លោក Gianni Infantino បានជូនដំណឹងអំពីការកើនឡើងនៃចំណូលនេះទៅកាន់សមាគមបាល់ទាត់សមាជិកកាលពីថ្ងៃសៅរ៍។ ដើមឡើយ FIFA បានព្យាករថា នឹងរកចំណូលបានប្រមាណ 11 ពាន់លានដុល្លារ ប៉ុណ្ណោះ។
ប្រភពព័ត៌មានបានឱ្យដឹងថា ចំណូលកើនឡើងភាគច្រើនបានមកពី ការលក់សំបុត្រ និងកញ្ចប់ VIP/Hospitality ជាពិសេសតាមរយៈទីផ្សារលក់សំបុត្របន្ត (Secondary Market) ដែលមានតម្លៃខ្ពស់។
FIFA ទទួលបាន កម្រៃជើងសារ 15% ពីអ្នកទិញ និង 15% ពីអ្នកលក់ សម្រាប់សំបុត្រដែលលក់តាមទីផ្សារបន្ត។
សមាគមបាល់ទាត់ជុំវិញពិភពលោកអាចទទួលបានអត្ថប្រយោជន៍
គេរំពឹងថា សមាគមបាល់ទាត់ជាសមាជិក FIFA នឹងទទួលបានអត្ថប្រយោជន៍ពីចំណូលដ៏ច្រើននេះ តែព័ត៌មានលម្អិតអំពីការបែងចែកថវិកា មិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។
ការកើនឡើងនៃចំណូលនេះក៏ជាជោគជ័យមួយសម្រាប់លោក Infantino ផងដែរ បន្ទាប់ពី FIFA បានជួបភាពចម្រូងចម្រាសជាច្រើនអំឡុងការប្រកួតនៅ សហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។
សំបុត្រវគ្គផ្តាច់ព្រ័ត្រមានតម្លៃរហូតដល់ 34,500 ដុល្លារ
រហូតដល់ល្ងាចថ្ងៃសៅរ៍ កញ្ចប់ VIP និង Hospitality សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ អេស្ប៉ាញ ប៉ះ អាហ្សង់ទីន នៅរដ្ឋ New Jersey នៅតែមានលក់លើគេហទំព័ររបស់ FIFA។
ក្នុងនោះ កញ្ចប់ “Trophy Lounge” មានតម្លៃដល់ទៅ 34,500 ដុល្លារអាមេរិក ក្នុងម្នាក់៕










