FIFA វិភាគយុទ្ធសាស្ត្រ: អេស្ប៉ាញប្រើយុទ្ធសាស្ត្រដេញតាមដណ្តើមបាល់ភ្លាមៗខណៈអាហ្សង់ទីនពឹងលើ Messi

ចែករំលែក៖

លោកស្រី Tobin Heath និងលោក Gilberto Silva ដែលជាសមាជិកនៃក្រុមសិក្សាបច្ចេកទេស (Technical Study Group) បានធ្វើការវែកញែកពីនិន្នាការយុទ្ធសាស្ត្រគន្លឹះៗ មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA World Cup 2026 ឈានចូលមកដល់។

លោកស្រី Tobin Heath និងលោក Gilberto Silva ដែលជាសមាជិកនៃក្រុមសិក្សាបច្ចេកទេស (TSG) របស់សហព័ន្ធ FIFA បានដាក់ទស្សនៈវិភាគទៅលើក្រុមទាំងពីរ។ អ្នកទាំងពីរសុទ្ធតែធ្លាប់បានឈ្នះពានរង្វាន់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតក្នុងវិស័យបាល់ទាត់ ដោយលោកស្រី Heath គឺជាម្ចាស់ជើងឯកពានរង្វាន់ FIFA Women’s World Cup ពីរជំនាន់ ចំណែកឯលោក Gilberto Silva គឺជាផ្នែកមួយនៃក្រុមជម្រើសជាតិប្រេស៊ីលចុងក្រោយបង្អស់ដែលបានភ្លក់រសជាតិជើងឯកពិភពលោក នៅក្នុងព្រឹត្តិការណ៍កូរ៉េ/ជប៉ុន ឆ្នាំ២០០២។

អាហ្សង់ទីន និងអេស្ប៉ាញ បានធ្វើដំណើរឆ្លងកាត់ឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA World Cup 2026 ក្នុងទម្រង់លេងខុសប្លែកគ្នា។ 

ក្រុមដែលសំបូរគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់លោក Lionel Scaloni ត្រូវបានរុញច្រានទៅមុខដោយមន្តអាគមនៃការបង្កើតឱកាសមិនចេះរីងស្ងួតរបស់កីឡាករ Lionel Messi ខណៈដែលក្រុមអេស្ប៉ាញរបស់លោក Luis de la Fuente បានបង្ហាញខ្លួនជាស្តេចត្រួតត្រាលើតំបន់ការពារ និងពូកែខាងយុទ្ធសាស្ត្រដេញតាមដណ្តើមបាល់មកវិញភ្លាមៗពេលបាត់បង់បាល់ (Counter-pressing kings)។

អេស្ប៉ាញ៖ ស្តេច Counter-Press និងការគ្រប់គ្រងបាល់

លោកGilberto Silva បានសរសើររបៀបលេងរបស់អេស្ប៉ាញថា៖

«នៅពេលមានបាល់ អេស្ប៉ាញលេងដោយអត់ធ្មត់ និងច្បាស់លាស់។ ពួកគេមិនប្រញាប់វាយលុកទេ ប៉ុន្តែផ្លាស់ប្តូរបាល់ពីស្លាបមួយទៅស្លាបមួយ ដើម្បីទាញខ្សែការពារគូប្រកួតឱ្យបើកចន្លោះនៅកណ្តាល មុននឹងវាយប្រហារ។»

អេស្ប៉ាញក៏បង្ហាញទម្រង់ការពារដ៏ល្អបំផុតមួយក្នុងការប្រកួតនេះ ដោយរបូតតែ ១ គ្រាប់ប៉ុណ្ណោះក្នុង ៧ ប្រកួត។

លោក Gilberto Silva បន្ថែមថា៖

«នៅពេលបាត់បាល់ កីឡាករអេស្ប៉ាញ ៣ ឬ ៤ នាក់ នឹងសម្រុកចូលដណ្តើមភ្លាមៗ។ វាធ្វើឱ្យគូប្រកួតពិបាកវាយបកខ្លាំងណាស់។ ពួកគេជាក្រុមដែលយកបាល់មកវិញបានលឿនជាងគេមួយក្នុងការប្រកួតនេះ ហើយនោះជាមូលហេតុដែលពួកគេរបូតគ្រាប់បាល់តិចបំផុត។»

អាហ្សង់ទីន៖ ក្រុមដែលបង្កើតឲកាសច្រើនដោយ Lionel Messi

លោកស្រី Tobin Heath បានពន្យល់ថា អាហ្សង់ទីនបង្កើតយុទ្ធសាស្ត្រទាំងមូល ដើម្បីឱ្យ Lionel Messi អាចបង្ហាញសមត្ថភាពបានពេញលេញ។

លោកស្រីនិយាយថា៖ «អ្វីដែលអាហ្សង់ទីនចូលចិត្តធ្វើ គឺបង្កើតចំនួនកីឡាករច្រើននៅតំបន់កណ្តាល ឬស្លាប។ ការយកចិត្តទុកដាក់ទាំងអស់របស់គូប្រកួតផ្តោតលើ Messi។ ពេលមានកីឡាករ ៥ នាក់មកបិទ Messi នោះមិត្តរួមក្រុមផ្សេងទៀតនឹងមានចន្លោះសម្រាប់វាយប្រហារ។»

Messi បានបង្ហាញទម្រង់លេងដ៏អស្ចារ្យក្នុង World Cup ឆ្នាំនេះ ដោយស៊ុតគ្រាប់បាល់គ្រប់របៀប៖

ស៊ុតពីចម្ងាយ

ស៊ុតបាល់ត្រឡប់ (Rebound)

ទាក់ទាញខ្សែការពារជាច្រើននាក់

បញ្ចប់ទីនៅក្នុងតំបន់គ្រោះថ្នាក់

ស៊ុតពីការបញ្ជូនបាល់ Cross

លោកស្រី Heath បន្តថា៖

«យើងធ្លាប់ឃើញ Messi ស៊ុតគ្រាប់បាល់អស្ចារ្យជាច្រើនដង ប៉ុន្តែអ្នកការពារនៅតែមិនអាចរកវិធីទប់ស្កាត់គាត់បាន។ បើអ្នកផ្តល់ចន្លោះតែបន្តិច គាត់នឹងប្រើវាដើម្បីបង្កើតគ្រាប់បាល់ ឬបញ្ជូនឱ្យមិត្តរួមក្រុមស៊ុតភ្លាម។»

Messi មិនចាំបាច់ចុះការពារជ្រៅ

Heath បានពន្យល់ថា៖ «នៅពេលអាហ្សង់ទីនការពារ Messi តែងតែឈរខ្ពស់ ដើម្បីសន្សំកម្លាំង និងរង់ចាំវាយបក។»

ពេលក្រុមដណ្តើមបានបាល់វិញ គេនឹងបញ្ជូនទៅ Messi ភ្លាមៗ។ «ដោយសារគាត់រក្សាបាល់បានល្អ និងទាក់ទាញអ្នកការពារជាច្រើននាក់ Messi តែងតែអាចរកមិត្តរួមក្រុមដែលនៅទំនេរ និងបង្កើតឱកាសគ្រាប់បាល់បាន។»

អាហ្សង់ទីនចូលចិត្តការពារជា Low Block ប៉ុន្តែទុក Messi ឱ្យនៅខាងលើ ដើម្បីអាចបម្លែងពីការការពារទៅវាយប្រហារបានយ៉ាងលឿន។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ

FIFA បានសន្និដ្ឋានថា វគ្គផ្តាច់ព្រ័ត្ររវាង អេស្ប៉ាញ និង អាហ្សង់ទីន នឹងក្លាយជាការប្រកួតរវាង៖

ការគ្រប់គ្រងបាល់ និង Counter-Press ដ៏មានវិន័យរបស់អេស្ប៉ាញ

ភាពអស្ចារ្យ និងសមត្ថភាពបង្កើតឱកាសរបស់ Lionel Messi

...

ការប្រកួតនេះត្រូវបានរំពឹងថា នឹងកំណត់ថាតើ យុទ្ធសាស្ត្រជាក្រុមរបស់អេស្ប៉ាញ ឬ វេទមន្តរបស់ Messi នឹងក្លាយជាអ្នកឈ្នះពាន FIFA World Cup 2026៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print